(ហ្សឺណែវ)៖ អ្នកនាំពាក្យសម្ព័ន្ធវ៉ាក់សាំង GAVI របស់អន្តរជាតិបាននិយាយថា GAVI កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថចិន Sinovac Biotch ដើម្បីពង្រីកបន្ថែមនូវចំនួនវ៉ាក់សាំង ឱ្យបានកាន់តែច្រើនដូសដល់កម្មវិធី COVAX សម្រាប់ចែកចាយជូនបណ្ដាប្រទេសក្រីក្រ បន្ទាប់ពីមានការអនុម័តឱ្យប្រើប្រាស់ជាលក្ខណៈបន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO) លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនចិនមួយនេះ កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យ GAVI បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា «សម្ព័ន្ធវ៉ាក់សាំង GAVI ក្នុងនាមជាអ្នកដឹកនាំកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថជាច្រើន រួមទាំងក្រុមហ៊ុនផលិតឱសថចិន Sinovac ផងដែរ ដើម្បីពង្រីកបន្ថែមនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាច្រើនដូស ដើម្បីចែកចាយជូនបណ្ដាប្រទេស ដែលបានចូលរួមកម្មវិធីនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមិថុនា (ពេលវេលានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) អង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់។ នេះជាវ៉ាក់សាំងទី ២ ហើយរបស់ចិនបន្ទាប់ពី Sinopharm ដែលត្រូវបាន WHO ទទួលស្គាល់ជាផ្លូវការ៕