(ញូដេលី)៖ រលកទី២ COVID-19 ដែលបង្កវិនាសកម្មយ៉ាងខ្លោចផ្សានៅក្នុងប្រទេសឥណ្ឌា បានចោទឡើងជាសំណួរជាច្រើនដែល ក្រុមអ្នកបង្កើតគោលនយោបាយនៅមិនទាន់អាចផ្ដល់ចម្លើយដ៏ល្អ ខណៈមានការព្រមានកាន់តែច្រើនឡើងឱ្យរដ្ឋាភិបាលឥណ្ឌាបង្កើនល្បឿនយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ខ្លួនដើម្បីទប់ស្កាត់រលកទី៣ នៃជំងឺដ៏កាចសាហាវមួយនេះ។
តើសេដ្ឋកិច្ចឥណ្ឌាអាចនឹងងើបឡើងវិញយ៉ាងលឿនរហ័ស ឬក៏នៅតែបន្តដើរថយក្រោយក្នុងរយៈពេលណាមួយ? ជីវភាពប្រជាជនឥណ្ឌាស្ទើរតែទាំងស្រុងគឺ ពឹងផ្អែកលើការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ បើតាមមជ្ឈមណ្ឌលអាមេរិក Pew Research Center រលកទី១ COVID-19 ក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំ២០២០ បានធ្វើឱ្យប្រជាជនឥណ្ឌាជាង ៧៥លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ ហើយវាក៏បានបង្កការខូចខាតយ៉ាងសម្បើមដល់សេដ្ឋកិច្ចជាតិប្រទេស អាស៊ីខាងត្បូងមួយនេះផងដែរ។
តើឥណ្ឌាដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក នៅតែអាចដើរតួនាទីសំខាន់ក្នុងការចាក់វ៉ាក់សាំងជូនបណ្ដាប្រទសកំពុងអភិវឌ្ឍន៍ទៀត ដែរឬទេ ខណៈកំពុងផ្ដោតសំខាន់លើការចាក់វ៉ាក់សាំងនៅក្នុងស្រុក? គិតត្រឹមថ្ងៃទី៣១ ខែឧសភាកន្លងទៅនេះ ឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ២០៩លានដូសជូនប្រជាជនរបស់ខ្លួន ដោយក្នុងនោះមានជាង ១៦៥.៥លាននាក់ បានចាក់យ៉ាងហោចណាស់ ១ដូស ឬស្មើ ១២.១% នៃចំនួនប្រជាជនសរុប និងជាង ៤៣លាននាក់បានចាក់គ្រប់ដូសដែលស្មើនឹង ៣.២% តែប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប។
ប្រឈមមុខនឹងការខ្វះខាត និងតម្រូវការវ៉ាក់សាំងខ្ពស់នៅក្នុងស្រុក រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តចេញបម្រាមលើការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេស ហើយបានតម្រូវឱ្យវិទ្យាសា្ថនសេរ៉ូមឥណ្ឌា (Serum Institute of India) បង្វែរវ៉ាក់សាំង១៤០លានដូសដែលត្រូវផ្ដល់ជូនយន្ដការ Covax របស់អង្គការ WHO យកមកទុកចាក់ឱ្យប្រជាជនឥណ្ឌាវិញ។ វិទ្យាស្ថាន Serum ធ្លាប់បានសន្យាថានឹងផ្គត់ផ្គង់វ៉ាក់សាំង ១.១ពាន់លានដូសដល់ Covax តែមកទល់នឹងពេលនេះ មិនទាន់អាចបំពេញតាមសន្យានេះឡើយ។
តើឥណ្ឌាមានសមត្ថភាពប្រជែងដណ្ដើមឥទ្ធិពលនៅក្នុងតំបន់អាស៊ី និងនៅជុំវិញពិភពលោកជាមួយចិនដែរទេ? កាលពីសប្ដាហ៍មុន ចិនបានផ្ដល់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ជាអំណោយ ៥សែនដូសដល់ប្រទេសស្រីលង្កា បន្ថែមពីលើវ៉ាក់សាំង ៦សែនដូស ដែលស្រីលង្កាទទួលបានពីចិន កាលពីខែមីនាកន្លងទៅ។ ម្យ៉ាងវិញទៀត ខណៈឥណ្ឌាកំពុងរវល់ដោះស្រាយវិបត្តិ COVID-19 នៅក្នុងស្រុក ទីក្រុងប៉េកាំងថែមទាំងបានផ្គត់ផ្គង់វ៉ាក់សាំងដល់ ប្រទេសបង់ក្លាដែស, នេប៉ាល់ និងម៉ាល់ឌីវផងដែរ សុទ្ធសឹងជាប្រទេសដែលទីក្រុងញូដេលីចាត់ទុកថាស្ថិតនៅក្រោមដែនឥទ្ធិពលរបស់ខ្លួន។
តើប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នឹងត្រូវបានបំផ្លាញដោយសារតែការដោះស្រាយវិបត្តិ COVID-19 មិនបានល្អមែនទេ? បើតាមក្រុមហ៊ុនស្រាវជ្រាវ Morning Consult ប្រជាប្រិយភាពរបស់លោក ម៉ូឌីបានធ្លាក់ចុះមកនៅត្រឹម ៦៤ភាគរយ នៅតែស្ថិតនៅក្នុងអត្រាខ្ពស់នៅឡើយ បើធៀបទៅនឹងមេដឹកនាំពិភពលោកដទៃ ប៉ុន្តែនេះជាអត្រាគាំទ្រទាបបំផុតមិនធ្លាប់មានពីមុនមក។ មិនតែប៉ុណ្ណោះទីភ្នាក់ងារស្ទង់មតិឥណ្ឌា CVoterក៏បានរកឃើញដែរថាជាលើកដំបូងបំផុតហើយ ដែលប្រជាជនឥណ្ឌាមានសិទ្ធិបោះឆ្នោតមិនពេញចិត្តការដឹកនាំរបស់លោក ម៉ូឌី មានចំនួនច្រើនជាង អ្នកពេញចិត្តចាប់តាំងពីលោកកាន់តំណែងជានាយករដ្ឋមន្ត្រីមក។
តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះយល់ថាស្ថានការណ៍ប្រែប្រួលណាមួយអាចនឹងជះឥទ្ធិពលដល់ចម្លើយនៃសំណួរទាំងនេះ ដ្បិតពេលនេះរឿងដែលសំខាន់គឺអាស្រ័យលើការឆ្លើយតប ឬការដោះស្រាយវិបត្តិ COVID-19 របស់រដ្ឋាភិបាលឥណ្ឌា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនឆ្លង COVID-19 ក្នុងរលកទី២ បានថយចុះគួរឱ្យកត់សម្គាល់ ដោយអ្នកឆ្លងប្រចាំថ្ងៃបានធ្លាក់មកនៅក្រោម ២សែននាក់ជាងមួយសប្ដាហ៍មកហើយ។ ជាក់ស្ដែង ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានរាយការណ៍ពីអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ១៣២,៧៨៨នាក់ បើធៀបទៅនឹងកាលពីថ្ងៃទី៦ ខែឧសភាមានរហូតដល់ទៅជាង៤១៤,០០០នាក់ ស្របពេលចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានចំនួន ៣,២០៧នាក់ ធៀបទៅនឹងអ្នកស្លាប់ ៤,៥០០នាក់កាលពីថ្ងៃទី១៨ ខែឧសភា។
ការធ្លាក់ចុះចំនួនករណីឆ្លង និងស្លាប់មើលទៅហាក់ដូចជាដំណឹងល្អ។ តែក្រុមអ្នកជំនាញជាច្រើនយល់ស្របដូចគ្នាថាចំនួនករណីឆ្លង និងស្លាប់នៅក្នុងប្រទេស ឥណ្ឌាអាចមានខ្ពស់ជាងតួលេខផ្លូវការ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ លោកស្រី ប្រាម៉ា មុគឃឺជី (Bhramar Mukherjee) ជាអ្នកជំនាញខាងជីវស្ថិតិម្នាក់ មកពីសាកលវិទ្យាល័យ Michigan (University of Michigan) សហរដ្ឋអាមេរិក បានវាយតម្លៃថាអត្រាអ្នកស្លាប់ពិតប្រាកដនៅក្នុងរលកទី២ COVID-19 អាច មានច្រើនជាងតួលេខផ្លូវការបច្ចុប្បន្នពី៤ ទៅ ៦ដង។ លោកស្រី Mukherjee បានបន្ថែមទៀតថាតួលេខបែបនេះគឺអាចពន្យល់បានដោយសារតែ COVID-19 បានឆ្លងរាលដាលទៅកាន់តំបន់ជនបទនៃបណ្ដារដ្ឋក្រីក្រ និងមានប្រជាជនច្រើនមួយចំនួននៅក្នុងប្រទេសឥណ្ឌាដូចជារដ្ឋ Bihar, Uttar Pradesh និងរដ្ឋ West Bengal ជាទីដែលការធ្វើតេស្ដនៅមានកម្រិតទាបបំផុត។
លោកស្រី Mukherjee រួមទាំងអ្នកជំនាញភាគច្រើនដូចជាលោក Anup Malani យល់ថាគេពិតជាពិបាកនឹងមានគំនិតសុទិដ្ឋិនិយមចំពោះការថយចុះករណីឆ្លង និងស្លាប់នៃរលកទី២ COVID-19 ក្នុងប្រទេសឥណ្ឌា ជាពិសេសក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីការរកឃើញសាកសពមនុស្សជាច្រើននាក់នៅតាម ច្រាំងទន្លេគង្គា (Ganges) និងអណ្ដែតលើផ្ទៃទឹកទន្លេមួយនេះ។
បើតាមលោក Anup Malani ជាសេដ្ឋវិទូសុខាភិបាលម្នាក់នៃសាកលវិទ្យាល័យ Chicago (University of Chicago) អ្វីដែលរដ្ឋាភិបាលឥណ្ឌាគួរតែធ្វើ នោះគឺ សិក្សាពីប្រជាជនដែលបានតេស្ដវិជ្ជមាន ដើម្បីកំណត់ពីប្រព័ន្ធភាពសុំាពិតប្រាកដនៅក្នុងចំណោមប្រជាជន និងលំដាប់ហ្សែនដើម្បីស្វែងរកវីរុសដែលមាន សមត្ថភាពចម្លងជំងឺលឿនរហ័ស ហើយបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីរារាំងកុំឱ្យវីរុសអាចបំប្លែងខ្លួនបាន៕
ប្រភព៖ WSJ (ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១)