(កាប៊ុល)៖ មន្រ្តីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា យោធាអាមេរិកនឹងប្រគល់មូលដ្ឋានទ័ពអាកាស បាហ្គ្រាម (Bagram) របស់ខ្លួនទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប្រហែល ២០ថ្ងៃខាងមុខទៀត ខណៈទីក្រុងវ៉ាស៊ីនតោនបានសម្រេច ដកកងទ័ពចុងក្រោយរបស់ខ្លួនចេញពីប្រទេសនេះ បន្ទាប់ពីការធ្វើសង្គ្រាមអស់រយៈពេល ជិតពីរទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។
មន្ត្រីមួយរូបនៃក្រសួងការពារជាតិអាមេរិក បានប្រាប់សារព័ត៌មាន AFP ថា «ខ្ញុំអាចបញ្ជាក់បានថា យើងនឹងប្រគល់មូលដ្ឋានទ័ពអាកាស Bagram នេះទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន»។ យ៉ាងណាក៏ដោយ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ ក៏មិនបានបញ្ជាក់ពីពេលវេលា ដែលនឹងត្រូវប្រគល់ជាផ្លូវការនៅឡើយដែរ។ ដោយឡែក ខាងមន្ត្រីសន្តិសុខអាហ្វហ្គានីស្ថានវិញបាននិយាយថា ការប្រគល់នេះអាចកើតឡើង ក្នុងរយៈពេលប្រហែល ២០ថ្ងៃខាងមុខទៀត ហើយក្រសួងការពារជាតិអាហ្វហ្គានីស្ថា នបានបង្កើតគណៈកម្មាធិការពិសេស ដើម្បីគ្រប់គ្រងវាហើយ។
គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Bagram ដែលត្រូវបានសាងសង់ឡើងដំបូងដោយ អតីតសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺជាទីតាំងយោធាដ៏ធំបំផុត ដែលត្រូវបានប្រើដោយកងកម្លាំងអាមេរិក និងកងកម្លាំងអង្គការណាតូ (NATO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមានកងទ័ពរាប់ម៉ឺននាក់ឈរជើងនៅទីនោះ ក្នុងអំឡុងពេលមានការចូលរួមរបស់យោធាអាមេរិក នៅក្នុងប្រទេសដែលមានសង្រ្គាមរាប់ទសវត្សរ៍មួយនេះ៕