(ប៉េកាំង)៖ នាពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងនៃប្រទេសដាណឺម៉ាកបានផ្សាយអត្ថបទពិសេសមួយ ដោយបានលាតត្រដាងពី ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកដែលបានលួចយកទិន្នន័យដើមពីបណ្តាញអ៊ីនធឺណែតដាណឺម៉ាកតាមរយៈស្ថាប័នស៊ើបការណ៍នៃប្រទេសដាណឺម៉ាក ដើម្បីឃ្លាំមើលយ៉ាងដិតដល់ចំពោះសកម្មភាពរបស់អ្នកនយោបាយសំខាន់ៗនៃប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ក្នុងនោះបូករួមទាំងលោកស្រី Merkel នាយករដ្ឋមន្ត្រីអាល្លឺម៉ងផងដែរ។
ដូចនេះ អាមេរិកដែលអួតអាងថាខ្លួនជា «អ្នកគាំពារសនិ្តសុខបណ្តាញអ៊ីនធឺណែត» ត្រូវលាតត្រដាងម្តងទៀតនូវមុខមាត់លាក់ពុតរបស់ខ្លួន ហើយបានលេចចេញ មុខមាត់ពិតប្រាកដដែលជា «ពួកលូកបាតដៃខ្មៅតាមបណ្តាញអ៊ីនធឺណែតធំបំផុតនៅលើពិភពលោក» សូម្បីតែសម្ព័ន្ធមិត្តក៏មិនលើកលែងដែរ។ តាមពិតទៅ ប្រការនេះ មិនមែនជារឿងចៃដន្យទេ។ កាលពីឆ្នាំ២០១៣ លោក Edward Snowden បុគ្គលិកនៃក្រុមហ៊ុនផ្តល់សេវាកម្មដល់កិច្ចការពារជាតិរបស់អាមេរិក ក៏ធ្លាប់លាតត្រដាង តាមរយៈប្រព័ន្ធសារព័ត៌មានថា រដ្ឋាភិបាលអាមេរិកបានលួចស្តាប់យ៉ាងទូលំទូលាយចំពោះទូរស័ព្ទទាំងជាតិ និងអន្តរជាតិ ក៏ដូចជាទូរគមនាគមន៍តាមបណ្តាញ អ៊ីនធឺណែតផងដែរ ក្នុងនោះទូរស័ព្ទរបស់លោកស្រី Merkel ត្រូវលួចស្តាប់អស់រយៈពេលជាង១០ឆ្នាំ។ ប៉ុន្តែទីបំផុត ព្រឹតិ្តការណ៍លួចស្តាប់នាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឱ្យឃើញថាសកម្មភាពចារកម្មរបស់អាមេរិកចំពោះអឺរ៉ុបមិនដែលឈប់នោះទេ។
«ការគំរាមកំហែលពិតប្រាកដរបស់អឺរ៉ុបបានមកពីក្រុងវ៉ាស៊ីនតោន» ការព្រមានរបស់លោក Tom Fowdy អ្នកវិភាគទំនាក់ទំនងអន្តរជាតិរបស់ប្រទេសអង់គ្លេស គួរឱ្យ ប្រទេសអឺរ៉ុបគិតពិចារណាយ៉ាងជ្រាលជ្រៅ។ ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេសអឺរ៉ុបជាច្រើន ដូចជាអាល្លឺម៉ង បារាំង ន័រវែសនិងស៊ុយអែតជាដើមបាននាំគ្នាឱ្យអាមេរិក ចេញមុខបកស្រាយពីរឿងនេះ។ ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ពួកគេដែលស្ថិតនៅត្រើយម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិក នៅមិនទាន់បញ្ចេញមតិអ្វីសោះ។
ជនជាតិអឺរ៉ុបគួរតែសម្គាល់ឃើញថា និយាយចំពោះអ្នកនយោបាយអាមេរិកដែលប្រកាន់អនុត្តរភាពនិយម គោលនយោបាយស្តីពី «ការតម្កល់ប្រយោជន៍អាមេរិកមុនគេ» ទើបជាគោលការណ៍តែមួយគត់ដែលពួកគេប្រកាន់ខ្ជាប់ក្នុងការប្រាស្រ័យទាក់ទងគ្នា។ អ្វីដែលហៅថាសម័្ពន្ធមិត្តនិងកេរ្តិ៍ឈ្មោះលើផ្ទៃអន្តរជាតិ គ្រាន់តែជាពាក្យស្លោក និយាយតែមាត់ តាមពិតទៅ វាសុទ្ធតែជាឧបករណ៍ដែលអាចប្រើប្រាស់បានតែប៉ុណ្ណោះ។ ជនអឺរ៉ុបគួរតែមានការប៉ាន់ប្រមាណទុកជាមុនថាព័ត៌មានដែលប្រព័ន្ធ សារព័ត៌មានទម្លាយឱ្យដឹងទាំងនោះប្រហែលគ្រាន់តែជាមួយចំណែកតូចប៉ុណ្ណោះទេ។
១០ថ្ងៃទៀត លោក បៃដិន ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចនៅអឺរ៉ុប។ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយបន្ទាប់ពីលោកបានឡើងកាន់មុខតំណែង។ ប៉ុន្តែ រឿងចារកម្មដែលត្រូវទម្លាយឱ្យដឹងនាពេលថ្មីៗកន្លងទៅនេះ បានដាស់តឿនដល់បណ្តាប្រទេសអឺរ៉ុប។ មិនថាភាគីអាមេរិកបាននិយាយពិរោះស្តាប់យ៉ាងណា អាមេរិកដែលញៀនលួចស្តាប់បានបាត់បង់កិត្តិនាមអន្តរជាតិជាយូរហើយ។ អឺរ៉ុបគួរតែមើលឃើញឱ្យបានច្បាស់លាស់ ដើម្បីភ្ញាក់ឡើងពីសុបិនដែល «ប្រាថ្នាចង់បានទំនាក់ទំនងដ៏ល្អចាមួយអាមេរិក»៕