(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) កំពុងរៀបចំផែនការ ក្នុងការបរិច្ចាគថវិកាបន្ថែមប្រមាណ ៨០០លានដុល្លារអាមេរិកទៀត ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។
កន្លងមកនេះ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ថវិកា ២០០លានដុល្លារ រួចទៅហើយដល់កម្មវិធី COVAX ដែលមានតួនាទីចែកចាយវ៉ាក់សាំងបង្ការ COVID-19 ទៅដល់បណ្តាប្រទេសនានាលើពិភពលោក ប្រកបដោយសមធម៌ និងតបតាមតម្រូវការចាំបាច់បំផុត។ បើតាមកាសែតជប៉ុន ម៉េនីជិ (Mainichi) ជប៉ុននឹងប្រកាសអំពីផែនការបរិច្ចាគវ៉ាក់សាំង ទៅកាន់កម្មវិធី COVAX ក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់់ថា នៅថ្ងៃពុធនេះតែម្តង នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា នឹងចូលរួមកិច្ចប្រជុំកំពូលនៃកម្មវិធី COVAX តាមអនឡាញ ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris), មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) និងតំណាងទាំងឡាយមកពីប្រទេស G7។
កិច្ចប្រជុំកំពូល COVAX ខាងលើនេះ មានគោលដៅស្វែងរកការបំពេញ ថវិកាដែលខ្វះចន្លោះប្រមាណ ១.៧ពាន់លានដុល្លារអាមេរិក ហើយអន្តរជាតិរំពឹងថា ប្រទេសធំៗ និងអង្គការពាក់ព័ន្ធនានា នឹងជួយបង្កើនការបរិច្ចាគ ដើម្បីបំពេញការខ្វះខាតទាំងផ្នែកថវិកា និងវ៉ាក់សាំងបង្ការ COVID-19៕