(ប៉េកាំង)៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសចិនទាំងមូលបានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗសរុប ២៤ករណីទៀត ដោយក្នុងនោះ ១៤នាក់ជាករណីនាំចូលពីបរទេស និង ១០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមរបាយការណ៍ពីគណៈកម្មការសុខាភិបាលជាតិចិន (NHC) អ្នកឆ្លង COVID-19 ១០នាក់ថ្មីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍នោះ គឺត្រូវបានរាយការណ៍ចេញពី ខេត្តក្វាងទុង (Guangdong) ហើយក្នុងនោះ ០៧នាក់គឺនៅក្នុងទីក្រុងក្វាងចូវ (Guangzhou) របស់ខេត្តភាគខាងត្បូងប្រទេសចិនមួយនេះ។
បើតាម NHC ទីក្រុងក្វាងចូវ ដែលជាចំណុចផ្ទុះករណីឆ្លង COVID-19 សហគមន៍ជាថ្មីនៅប្រទេសចិននេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 សរុប ៤១នាក់ហើយ គិតចាប់តាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខណៈតំបន់ខ្លះត្រូវបានបិទខ្ទប់ ដើម្បីរៀបចំធ្វើតេស្តទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៩១,១៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៦,១៤៩នាក់៕