(ប៉េកាំង)៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ ចំពោះអនាគតរបស់កុមារ។ លោកតែងតែសម្តែងការអបអរសាទរជាពិសេស ដល់កុមារទូទាំងប្រទេសចិន ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា។ លោកតែងតែទៅជួបជាមួយកុមារ និងយុវជន ដើម្បីបង្ហាញពីការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ ត្រូវបានកុមារចិនហៅយ៉ាងស្និទ្ធស្នាលថា “លោកតាស៊ី”។
លោក ស៊ី ជីនភីង កើតនៅក្នុងគ្រួសារអ្នកបដិវត្តន៍ ការអប់រំក្នុងផ្ទះតឹងរឹង ជីវភាពនៅកុមារភាពរបស់លោក គឺសាមញ្ញណាស់។ កាលពីឆ្នាំ២០០៣ ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍មជ្ឈិមចិន លោកបានរំលឹកថា កាលនោះខោអាវដែលយើងស្លៀកពាក់ជាទូទៅ មានបំណះជាច្រើន ហើយត្រូវស្លៀកពាក់ខោអាវតពីបងប្រុសស្រី។
លោក ស៊ី ជីនភីង មានបងប្អូន ០៦នាក់ ដូច្នេះពេលនៅតូចជាទូទៅគាត់ត្រូវស្លៀកខោអាវរបស់បងស្រី។ លោកបាននិយាយថា ខោអាវ និងស្បែកជើងដែលមានផ្កា ខ្ញុំមិនចង់ពាក់ជាដាច់ខាត ក៏ប៉ុន្តែត្រូវតែពាក់។
* បំណងប្រាថ្នា
ពេលនៅជាមួយកុមារ ស្នាមញញឹមតែងបង្ហាញលើផ្ទៃមុខរបស់លោក ស៊ី ជីនភីង ជានិច្ច។ កាលពីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៣ ទីក្រុងប៉េកាំងបានធ្វើសកម្មភាពក្រោមប្រធានបទ «កុមារភាពដ៏សប្បាយរីករាយ»។ ថ្ងៃនោះ កុមារ និងយុវជនមកពីជនបទមួយចំនួន បានរៀបរាប់ពីប្រាថ្នារបស់ខ្លួនចំពោះលោក។ លោក ស៊ី ជីនភីង បានតបថា ប្រាថ្នារបស់ខ្ញុំ គឺចង់ឱ្យប្រាថ្នារបស់កូនក្មួយទាំងអស់បានសម្រេច។ ឆ្លៀតឱកាសនោះលោកក៏ជូនពរកុមារាកុមារីគ្រប់ជនជាតិទូទាំងប្រទេស ឱ្យរីករាយទិវាកុមារអន្តរជាតិ ១ មិថុនា ។ សង្ឃឹមថាកុមារទាំងឡាយអាចរកឃើញ បំណងប្រាថ្នានៃជីវិត សម្រេចប្រាថ្នារបស់ខ្លួន ស្រឡាញ់ការសិក្សា ស្រឡាញ់ពលកម្ម និងស្រឡាញ់មាតុប្រទេស។
* ស្និទ្ធស្នាល
ក្នុងចិត្តរបស់កុមារចិន លោក ស៊ី ជីនភីង ជាឥស្សរជនដែលចេះដឹងច្រើនផង ហើយក៏ជាលោកតាដ៏ស្និទ្ធស្នាលគ្នាគួរឱ្យស្រឡាញ់រាប់អានផង។ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ លោក ស៊ី ជីនភីង បានទៅសួរសុខទុក្ខ ប្រជាជនរងគ្រោះរញ្ជួយដី នៃក្រុងឡូសាន ខេត្តសឺឈួន។
* ប្រាស្រ័យទាក់ទង
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នៅសាលាបឋមសិក្សាជនជាតិនៃខណ្ឌហៃទីនក្រុងប៉េកាំង លោក ស៊ី ជីនភីង បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ហើយបានរៀបរាប់ពីរឿងរ៉ាវកុមារភាពរបស់ខ្លួន ពេលបានចូលរួមក្រុមកុមារឈានមុខថា «ខ្ញុំចាំច្បាស់ថាកាលនោះរំភើបខ្លាំងណាស់។ ខ្ញុំបានចូលរៀននៅឆ្នាំ១៩៥៩ បានចូលក្រុមកុមារឈានមុខនៅឆ្នាំ១៩៦០ កាលនោះដោយសារមានអាយុក្មេងជាងគេ មិនបានត្រូវជ្រើសរើសជាសមាជិកក្រុមទីមួយទេ ខ្ញុំយំតែម្តង។» សិស្សទាំងឡាយបានសើចពេលស្តាប់ដល់ត្រឹមហ្នឹង។ ក្នុងបរិយាកាសដ៏សប្បាយរីករាយ លោក ស៊ី ជីនភីង ក៏បានបង្ហាញពីក្តីរំពឹងទុករបស់ខ្លួន ចំពោះកុមារទាំងឡាយថា៖ តាំងពីបុរាណមក វីរជនគឺចាប់ផ្តើមបណ្តុះបណ្តាលពីវ័យក្មេង។ កូនក្មួយទាំងឡាយត្រូវមានឧត្តមគតិធំ ខំសាងចិត្តគំនិតឱ្យបានល្អ។ស្រឡាញ់ និងយកចិត្តទុកដាក់កុមារទាំងអស់លូតលាស់កាន់តែល្អ គឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់យើង។
* លើកទឹកចិត្ត
លោក ស៊ី ជីនភីង សង្ឃឹមថាកុមារទាំងឡាយអាចផ្តល់តម្លៃដល់ឱកាស ដើម្បីទៅសម្រេចសុបិនយ៉ាងក្លាហាន។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកីឡដ្ឋានវូឃឹសុង នៃទីក្រុងប៉េកាំង លោកបានប៉ះស្មាជាមួយសិស្សថ្នាក់ទី ៤ តាមរបៀបពិសេសរបស់អ្នកលេងកីឡា hockey ទឹកកក។ បន្តមកលោកបានរំលឹកពីរឿងរ៉ាវកុមារភាពរបស់ខ្លួន អំពីការលេងស្គីលើទឹកកក នៅបឹងសឺឆាហៃនៅរដូវរងា។
លោក ស៊ី ជីនភីង បានផ្តាំផ្ញើកុមារចិនថា៖
ឧត្តមគតិជាសញ្ញាធ្វើដំណើរក្នុងឆាកជីវិតរបស់មនុស្ស។ មនុស្សម្នាក់បើចង់បង្កើតសមិទ្ធផលរបស់ខ្លួន ត្រូវមានឧត្តមគតិរបស់ខ្លួន។ មនុស្សម្នាក់អាចមានឧត្តមគតិជាច្រើន ប៉ុន្តែក្នុងនោះ អ្វីដែលសំខាន់បំផុតគឺត្រូវផ្សារភ្ជាប់ជាមួយមាតុប្រទេស និងប្រជាជន៕