(សេអ៊ូល)៖ បុគ្គលិកយោធាកូរ៉េខាងត្បូង បានប្រញាប់ប្រញាល់ទៅចុះឈ្មោះទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson (J&J) ជាវ៉ាក់សាំងដែលតម្រូវឱ្យចាក់តែមួយដូស នៅថ្ងៃអង្គារនេះ ខណៈប្រទេសនេះបានពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន និងបានបន្ធូរបន្ថយការរឹតត្បិតលើប្រជាជនដែលបានចាក់វ៉ាក់សាំងរួចរាល់ ដើម្បីលើកទឹកចិត្តដល់ប្រជាជនឱ្យមកទទួលការចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។
ប្រទេសកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងនេះចំនួន ១លានដូសក្នុងសប្តាហ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចបង្កើនជិតទ្វេដងនូវចំនួន វ៉ាក់សាំងដែលបានសន្យា នៅក្នុងកំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូង របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ិន (Moon Jae-in) ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីខែមុន ថានឹងផ្ដល់ឲ្យសម្រាប់យោធាកូរ៉េខាងត្បូង។
អាជ្ញាធរកូរ៉េខាងត្បូង បានកំណត់ប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក J&J សម្រាប់មន្ត្រីដែលពាក់ព័ន្ធនឹងវិស័យយោធា រួមមានកងកម្លាំងបម្រុង និងកងការពារស៉ីវិល ផងដែរ ព្រមទាំងប្រជាជនដែលមានគម្រោងធ្វើដំណើរទៅបរទេស ឬបំពេញបេសកកម្មការទូតជាដើម។ មនុស្សប្រហែល ៣.៧លាននាក់ ដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនេះ ហើយមនុស្សប្រហែល ៨០០,០០០នាក់ហើយ ដែលបានចុះឈ្មោះ ដើម្បីទទួលការចាក់វ៉ាក់សាំង J&J គិតត្រឹមថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងជូនដល់ប្រជាជនរបស់ខ្លួនចំនួន ៥.៧៩លាននាក់ហើយ ឬស្មើនឹង ១១ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Pfizer។ ប្រទេសនេះ មានគោលបំណងផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនចំនួន ១៤លាននាក់ នៅចុងខែមិថុនានេះ៕