(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២២៣០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,២០៩ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ៨៦៤ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក (Bangkok), ២៥៣ករណីនៅខេត្តសាមុត ប្រាកាន (Samut Prakan), ១៦៦ករណីនៅខេត្តភីតឆាបុរី (Phetchaburi), ១៦៤ករណីនៅខេត្តត្រាង (Trang), ១១២ករណីនៅខេត្តណុនថា បុរី (Nonthaburi) និងករណីដែលនៅសេសសល់ ត្រូវបានរកឃើញនៅតាមបណ្ដាខេត្តផ្សេងៗទៀត។ រីឯ ២១ករណីផ្សេងទៀត ជាករណីនាំចូលដែលត្រូវបានរកឃើញនៅលើ អ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។
CCSA បានគូសបញ្ជាក់បន្ថែមទៀតថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នាដែរ។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៦២,០២២ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៦៩នាក់ និងអ្នកជាសះស្បើយ ១១១,៧៣៥នាក់។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.៦១លានដូសហើយ ក្នុងនោះប្រជាជន ២.៤៩លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.៦% នៃចំនួនប្រជាជនសរុប) និង ១.១១លាននាក់ បានចាក់គ្រប់ដូស (ជាង១.៦% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕