(ញូដេលី)៖ អត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ដែលរបាយការណ៍ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា បាននិងកំពុងបន្តថយចុះដដែល ដោយនៅថ្ងៃអង្គារនេះ ករណីឆ្លងថ្មីៗចំនួន១២៧,៥១០នាក់ ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ក្រៅពីតួលេខករណីឆ្លងថ្មីៗខាងលើ ឥណ្ឌាក៏បានរាយការណ៍ពី ករណីអ្នកជំងឺស្លាប់ថ្មីៗផងដែរ គឺចំនួន២,៧៩៥នាក់ ដែលអត្រាស្លាប់នៃអ្នកជំងឺ COVID-19 ក៏មានការបន្តថយចុះដូចគ្នា នៅមួយរយៈចុងក្រោយនេះ។ ក្រោយបូកបន្ថែមជាមួយតួលេខទាំងនេះ ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់២៨,១៧៥,០៤៤នាក់ និងស្លាប់កើនដល់៣៣១,៨៩៥។ ដោយឡែកអ្នកជំងឺសរុប ២៥.៩លាននាក់បានជាសះស្បើយ និង១.៩លាននាក់ កំពុងបន្តសម្រាកព្យាបាល។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ២០៩លានដូសហើយជូនប្រជាជន ដោយក្នុងមនុស្សជាង ១៦៥.៥លាននាក់ បានចាក់យ៉ាងហោចណាស់ ១ដូស (១២.១% នៃចំនួនប្រជាជនសរុប) និងជាង ៤៣លាននាក់បានចាក់គ្រប់ដូស (៣.២% នៃចំនួនប្រជាជនសរុប)៕