(សេអ៊ូល)៖ ការដឹកជញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់ប្រទេសកូរ៉េខាងជើង តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ត្រូវបានពន្យារពេលជាថ្មីម្តងទៀត ខណៈការពិភាក្សាគ្នាដោះស្រាយបញ្ហានេះ នៅតែកំពុងបន្ត។ នេះបើតាមប្រភពពីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។
កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលមានគោលដៅជួយសង្គ្រោះប្រទេសក្រីក្រជាចម្បងនោះ បានសន្យាថានឹងផ្តល់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ០២លានដូស ទៅកាន់ប្រទេសកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងបានរំពឹងថា ខ្លួននឹងទទួលបានវ៉ាក់សាំងទាំងនេះ នៅអំឡុងខែចុងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែការពន្យារពេលបានកើតមានឡើងរួចទៅហើយ។
បើតាមប្រភពពីមន្ត្រីកូរ៉េខាងជើង ដែលទទួលបន្ទុកលើបញ្ហានេះ ការពិភាក្សាគ្នាដើម្បីសម្រួលដល់ការមកដល់ នៃវ៉ាក់សាំងមកកាន់កូរ៉េខាងជើង គឺកំពុងបន្តប្រព្រឹត្តទៅ ព្រោះប្រទេសនានាដែលចង់បានជំនួយពី COVAX ត្រូវតែធ្វើការប្រឹក្សាយោបល់ និងប្រគល់ឯកសារពាក់ព័ន្ធឲ្យបានច្បាស់លាស់ ជាពិសេសនោះគឺទៅលើផែនការចាក់ជូនប្រជាជនតែម្តង។
គួរបញ្ជាក់ថា គិតចាប់តាំងពីជំងឺ COVID-19 រាតត្បាតទៅកាន់ពិភពលោក កាលពីអំឡុងដើមឆ្នាំ២០២០ រហូតមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើងនៅតែអះអាងថា ខ្លួនមិនបានរកឃើញករណីឆ្លងជំងឺនេះ សូម្បីតែម្នាក់។ ទោះជាយ៉ាងណា ភាពជាក់ស្តែងគឺកូរ៉េខាងជើង បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ជាពិសេសនៅតាមច្រកព្រំដែន និងទៅលើជនបរទេស៕