(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន លោក Dominic Dwyer សមាជិកក្រុមអ្នកជំនាញអន្តរជាតិ នៃការសិក្សាស្រាវជ្រាវនិងតាមដានរកប្រភពវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក បានថ្លែងថាគ្មានភស្តុតាងអី្វអាចបញ្ជាក់ពីការលើកឡើងថា «វីរុសកូវីដ១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍» នោះទេ ការធ្វើឱ្យបញ្ហាតាមដានរកប្រភពវីរុសកូវីដ១៩ ក្លាយជាបញ្ហានយោបាយនិងស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន គឺគ្មានអំណោយផលដល់ការដោះស្រាយបញ្ហានោះទេ ដូច្នេះគួរតែឱ្យមជ្ឈដ្ឋានវិទ្យាសាស្ត្របន្តធ្វើការសិក្សាស្រាវជ្រាវជាបន្តទៀត។
នាពេលថ្មីៗកន្លងទៅនេះ មានប្រព័ន្ធសារព័ត៌មានបានចោទជាមន្ទិលសង្ស័យទៅលើរបាយការណ៍សិក្សាស្រាវជ្រាវរួមរបស់ចិន និងអង្គការសុខភាពពិភពលោក ស្តីពីការតាមដានរកប្រភពវីរុសកូវីដ១៩ ហើយបានលើកឡើងថា លោក បៃដិន ប្រធានាធិបតីអាមេរិកបានចេញបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការស៊ើបអង្កេតអំពីប្រភពនៃវីរុសកូវីដ១៩ ទាក់ទិងនឹងរឿងនេះ លោក Dominic Dwyer បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយក្រុមហ៊ុនវិទ្យុផ្សាយ សំឡេងរបស់អូស្ត្រាលីថា លោក បៃដិន ប្រធានាធិបតីអាមេរិកប្រកាសថាលោកទទួលបានរបាយការណ៍ពីស្ថាប័នស៊ើបការណ៍ដែលមានខ្លឹមសារផ្ទុយ នឹងរបាយការណ៍អង្គការសុខភាពពិភពលោក។ ប៉ុន្តែលោក Dominic Dwyer សង្កេតឃើញថា ប្រការនេះបានបង្ហាញឱ្យឃើញថាបច្ចុប្បន្ននេះ លោក បៃដិន នៅមិនទាន់មានភស្តុតាងច្បាស់លាស់អីទេ បើពុំនោះសោត យើងនឹងដឹងច្បាស់ថា ការពិតជាក់ស្តែងវាយ៉ាងណា។
លោកបានថ្លែងទៀតថា ការងារស្វែងរកភស្តុតាងគឺពិបាកណាស់ ការងារតាមដានរកប្រភពប្រហែលត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំ ហើយត្រូវមានកិច្ចសហប្រតិបតិ្តការពីបណ្តាភាគីនានា ទើបសម្រេចបាន ។ ដូច្នេះ ខ្ញុំសង្ឃឹមថា ក្នុងបញ្ហាសិក្សាស្រាវជ្រាវនិងតាមដានរកប្រភពវីរុស ការងារខាងផ្លូវទូតអាចទទួលបានកែលម្អ អ៊ីចឹង ទើបយើងអាចបន្តធ្វើការសិក្សាស្រាវជ្រាវតទៅទៀតបាន៕