(ញូយ៉ក)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថា ចិនបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់តាំងតែពីដើមឆ្នាំ២០២១មកម្ល៉េះ ដែលនេះនឹងអាចជួយពន្លឿនឱ្យតំបន់អាស៊ីទាំងមូល ងើបចេញពីវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងអត្ថបទចុះផ្សាយរបសកាសែត Wall Street Journal ដែលត្រូវបានដកស្រង់មកចុះផ្សាយបន្តដោយស៊ីនហួរ បានគូសបញ្ជាក់ដូច្នេះថា «យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងលឿនរហ័សរបស់ចិន អាចនឹងជួយពន្លឿនការងើបឡើងនៃវិស័យទេសចរណ៍ ដែលចាំបាច់សម្រាប់ការស្ដារសេដ្ឋកិច្ច នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ ដែលពឹងផ្អែកមួយភាគធំលើភ្ញៀវទេសចរចិន»។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីគណៈកម្មការជាតិសុខាភិបាលចិន គិតត្រឹមចុងសប្ដាហ៍មុននេះ ចិនសម្រេចបានការចាក់វ៉ាក់សាំង COVID-19 ជិត ៦២១លានដូស នៅទូទាំងប្រទេស។ ក្រៅពីការចាក់វ៉ាក់សាំងបានច្រើន ចិនក៏មានអត្រាចាក់វ៉ាក់សាំងប្រចាំថ្ងៃ ខ្ពស់បំផុតក្នុងពិភពលោកផងដែរ នោះគឺជាមធ្យម ២០លានដូសក្នុង១ថ្ងៃ៕