(បាងកក)៖ ក្រុមហ៊ុនកសិពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃដែលហៅកាត់ថា CP Foods បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមហ៊ុនបានបិទទ្វាររោងចក្រមួយរបស់ខ្លួនអស់រយៈពេល ៥ថ្ងៃ ក្រោយរកឃើញថាមានកម្មករជាច្រើននាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រកែច្នៃសាច់មាន់របស់ក្រុមហ៊ុននៅក្នុងខេត្ត Saraburi នឹងត្រូវបិទទ្វារចាប់ពីថ្ងៃអាទិត្យនេះដល់ថ្ងៃព្រហស្បតិ៍។ ចំណែករោងចក្រកែច្នៃចំណីអាហាររចំនួន១៨កន្លែងផ្សេងទៀត នឹងនៅតែដំណើរការជាធម្មតា។
រដ្ឋបាលខេត្ត Saraburi បានគូសបញ្ជាក់ថា ក្នុងចំណោមកម្មករចំនួន ៥,៨០០នាក់នៅក្នុងរោងចក្របិទទ្វារនោះ មាន ២៤៥នាក់បានធ្វើតេស្តវិជ្ជមាន ខណៈពេលដែលកម្មករផ្សេងទៀតកំពុងរងចាំការធ្វើតេស្ត និងទទួលលទ្ធផល។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៤,៣០៧ករណី ក្នុងនោះមានអ្នកស្លាប់ ១,០១២នាក់ និងអ្នកជាសះស្បើយ ១០៥,២៤៤នាក់៕