(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងករណីផឹកស្រាពុល នៅរដ្ឋអ៊ូតាប្រាដេស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់ ២២នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
ហេតុការណ៍នេះបានកើតឡើងនៅស្រុក អាលីហ្គាហ៍ (Aligarh) ដែលមានចម្ងាយប្រហែល ៤១៦គីឡូម៉ែត្រពីទីក្រុងឡាក់ណាវ (Lucknow) ភាគពាយ័ព្យដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ មន្ត្រីឥណ្ឌាបានគូសបញ្ជាក់ថា «រហូតមកដល់ពេលនេះ មនុស្ស ២២នាក់បានស្លាប់ បន្ទាប់ពីបានផឹកស្រាពុលនៅទីនោះ។ មនុស្សមួយចំនួនទៀតដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាពុល កំពុងសម្រាកទទួលការព្យាបាលនៅឡើយ»។
គួរបញ្ជាក់ថា ជនរងគ្រោះបានទិញស្រាពីហាង ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយការស្លាប់បានកើតឡើងចាប់តាំងពីថ្ងៃសុក្រម្សិលមិញ រហូតមកទល់នឹងថ្ងៃសៅរ៍នេះ។ អាជ្ញាធរឥណ្ឌា បានបញ្ជាឲ្យបិទហាងលក់ស្រាចំនួន ០៥កន្លែង ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ និងបានបញ្ឈប់ក្រុមមន្រ្តីមួយចំនួន ពីបទធ្វេសប្រហែសនាំឱ្យមានសោកនាដកម្មកើនឡើង។ ការស៊ើបអង្កេតបន្ថែមលើឧប្បត្តិហេតុនេះ ក៏ត្រូវបានធ្វើឡើងផងដែរ៕