(បរទេស)៖ កាលពីថៃ្ងទី ២៧ ខែឧសភា លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ អំពីការដែលក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានអនុម័តដោយសំឡេងគាំទ្រជាច្រើនលើ «សេចក្តីព្រាងច្បាប់នៃលក្ខន្តិកៈស្តីពីការធ្វើឱ្យប្រព័ន្ធបោះឆ្នោតមានសុក្រឹតភាពឆ្នាំ ២០២១» ដោយមួលបង្កាច់ថា សេចក្តីព្រាងច្បាប់នៃលក្ខន្តិកៈនេះបាន «ដាក់កំហិតទៅលើអ្នកក្រុងហុងកុង ក្នុងការចូលរួមការគ្រប់គ្រងដោយស្វយ័ត ប្រកបដោយអត្ថន័យ» ហើយក៏បានអំពាវនាវឱ្យ «ដោះលែង» អ្នកដែលត្រូវចោទប្រកាន់ដោយច្បាប់ គាំពារសន្តិសុខជាតិនៅតំបន់ហុងកុង ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ចំពោះពួកគេទៀតផង ។

តាមពិតទៅ មិនថាអាមេរិកបានឃោសនាពីអ្វីដែលហៅថា សេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងហុងកុង តាមរយៈពាក្យដ៏ពិរោះមួយចំនួន ដូចជា "ប្រជាធិបតេយ្យ" "សេរីភាព" និង "សិទ្ធិមនុស្ស" ក៏ដោយ ក៏ពិបាកនឹងបិទបាំងគោលបំណងដ៍អាក្រក់របស់ខ្លួន ដែលចង់បង្កភាពចលាចលនៅហុងកុង និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។

អ្នកដែលមានការយល់ដឹងអំពី ប្រព័ន្ធនយោបាយប្រជាធិបតេយ្យរបស់ហុងកុង សុទ្ធតែនឹងទទួលស្គាល់ថា ការបញ្ចប់ការងារផ្នែកនីតិប្បញ្ញតិ្តក្នុងតំបន់ ដោយគ្រប់ជ្រុងជ្រោយរបស់ហុងកុងលើកនេះ គឺជាវិធានការដ៏សំខាន់សម្រាប់អនុវត្តសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងស្មារតីធ្វើវិសោធនកម្មច្បាប់ នៃគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ ប្រការនេះនឹងបំពេញបន្ថែមចន្លោះខ្វះខាត នៃប្រព័ន្ធបោះឆ្នោតពីមិននៃតំបន់ហុងកុង និងបង្កើតថែមមួយកម្រិតទៀតនូវសណ្តាប់ធ្នាប់បែបថ្មីស្តីពី "អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង" ដើម្បីផ្តល់ការធានាផ្នែកច្បាប់ដ៏រឹងមាំ ដល់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យរបស់ហុងកុង ឱ្យបោះជំហានទៅមុខដោយស្ថិរភាព តាមផ្លូវប្រកបដោយភាពរឹងមាំ និងមានសណ្តាប់ធ្នាប់។

តាមការពិត ការធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុង មានសុក្រឹតភាពមិនត្រឹមតែបានពង្រីកការចូលរួម កិច្ចការនយោបាយពីសំណាក់អ្នកក្រុងហុងកុងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់មុខងារថ្មី ក្នុងការបង្កើតឡើងដោយការបោះឆ្នោត នូវសមាជិកនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិមួយចំនួន ព្រមទាំងលើកឈ្មោះបេក្ខជនឈរឈ្មោះ ជាសមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិផងដែរ។ ទង្វើបែបនេះនឹងធ្វើឱ្យក្រុមប្រឹក្សានីតិបញ្ញតិ អាចតំណាងឱ្យផលប្រយោជន៍រួមរបស់សង្គមហុងកុង ឱ្យបានកាន់តែល្អប្រសើរ។

ប្រការដែលគួរឱ្យខុសឆ្គងជាងនេះទៅទៀត គឺសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងហុងកុងរបស់អាមេរិក បែរជាអំពាវនាវឲ្យ "ដោះលែង" អ្នកប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅតំបន់ហុងកុងទាំងអស់ ដែលត្រូវចោទប្រកាន់ដោយច្បាប់ គាំពារសន្តិសុខជាតិនៅតំបន់ហុងកុង ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ ចំពោះពួកគេទៀតផង។ ការបង្ហាញអាកប្បកិរិយាបែបនេះ មិនត្រឹមតែបានជាន់ឈ្លីយ៉ាងគឃ្លើន លើស្មារតីនីតិរដ្ឋរបស់ហុងកុងប៉ុណ្ណោះទេ ថែមទាំងក៏បានរំលោភបំពានក្រមមូលដ្ឋាន នៃច្បាប់អន្តរជាតិនិងទំនាក់ទំនងអន្តរជាតិស្តីពី "ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ" ក៏ដូចជាបានលាតត្រដាងទាំងស្រុង នូវធាតុពិតលាក់ពុត និងស្តង់ដារពីររបស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលតែងតែឃោសនាបំប៉ោងពី "ប្រជាធិបតេយ្យ" "នីតិរដ្ឋ" និង "សិទ្ធិមនុស្ស"។

ឥស្សរជនហុងកុងជាច្រើនរូបបាននាំគ្នាថែ្លង ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា ការធ្វើឱ្យប្រព័ន្ធបោះឆ្នោតមានសុក្រឹតភាព នឹងធ្វើឱ្យហុងកុងត្រឡប់ទៅរកគោលបំណងដើម និងផ្លូវត្រឹមត្រូវនៃគោលការណ៍ "ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ" វិញ វាមានអំណោយផលដល់ការជំរុញភាពរុងរឿងថ្កុំថ្កើង និងស្ថិរភាពក្នុងរយៈពេលយូរអង្វែងរបស់ហុងកុង។ នេះទើបជាដួងចិត្ត និងក្តីបំណងដ៏ពិតប្រាកដរបស់អ្នកក្រុងហុងកុង៕ (#CCFRComment#)