(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩,០២០ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃ «ខ្ពស់បំផុត» គិតចាប់តាំងពីមានជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៅក្នុងប្រទេសអាស៊ានមួយនេះមកម៉្លេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នេះជាថ្ងៃទី ៥ ជាប់ៗគ្នាហើយដែលប្រទេសម៉ាឡេស៉ី បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ៥៥៨,៥៣៤ករណី ក្នុងនោះមានអ្នកស្លាប់ជាង ២,០០០នាក់ និងអ្នកជាសះស្បើយជាង ៤៧០,០០០នាក់។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៉ីលោក មូហ៊ីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានប្រកាសកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះថា ប្រទេសម៉ាឡេស៊ីនឹងបិទគ្រប់វិស័យសេដ្ឋកិច្ច និងសង្គមទាំងអស់ ដោយអនុវត្តវិធានការ «បិទខ្ទប់» នៅទូទាំងប្រទេស។

ដំណាក់កាលដំបូងនៃវិធានការបិទខ្ទប់ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនារហូតដល់ថ្ងៃទី១៤ ខែមិថុនា ដែលត្រូវនឹងរយៈពេល ០២សប្ដាហ៍។ យ៉ាងក៏ដោយមានតែវិស័យសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខជាតិ នឹងត្រូវអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ នៅក្នុងដំណាក់កាលបិទខ្ទប់នេះ។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលបានគិតគូរអំពីស្ថានភាពបច្ចុប្បន្ន ចំពោះការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេសម៉ាឡេស៊ី ដែលមានសន្ទុះកើនឡើងឥតឈប់ឈរ៕