(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧៣,៧៩០នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយនេះកើនឡើងដល់ ២៧.៧លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមពីខាងលើ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺ COVID-19 ចំនួន ៣,៦១៧នាក់ទៀត ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២២,៥១២នាក់ ខណៈអ្នកជាសះស្បើយសរុបកើនឡើងដល់ ២៥.៧លាននាក់។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៩លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស ក្នុងនោះមានវ៉ាក់សាំងចំនួន ២,៩១៩,៦៩៩ដូសត្រូវបានចាក់ជូនដល់ប្រជាជន ក្នុងពេលតែមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ៕