(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗ ចំនួន ៤,៨០៣ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,១០១ករណីជាករណីឆ្លងក្នុងចំណោមប្រជាជនទូទៅ និង ២,៧០២ករណីទៀតជាករណីឆ្លង ក្នុងពន្ធនាគារ។ CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៤នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤៩,៧៧៩ករណី ក្នុងនោះមានអ្នកស្លាប់ ៩៨៨នាក់ និងអ្នកជាសះស្បើយ ១០២,៣១១នាក់។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូសហើយ ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.២% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៕