(ហ្សឺណែវ)៖ ចំពោះមុខការតឹងសសៃកដាក់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជុំវិញការបំផុសឲ្យស៊ើបរកប្រភពដើមនៃ COVID-19 ដែលបាននិងកំពុងធ្វើឡើងដោយសហរដ្ឋអាមេរិកនោះ អង្គការសុខភាពពិភពលោក (WHO) ជាតួអង្គស្នូលក្នុងរឿងនេះ បានចេញមុខអំពាវនាវជាថ្មី ឲ្យគ្រប់គ្នាកុំយកការស៊ើបអង្កេតនេះ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ចេញពីទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រសប្តាហ៍នេះថា «សូមអ្នកទាំងឡាយនៅទីនោះ ធ្វើការបែងចែកឲ្យច្បាស់លាស់... ប្រសិនបើអាច សូមកុំយកបញ្ហា (ការសិក្សារកប្រភពដើម COVID-19) ដែលជាផ្នែកវិទ្យាសាស្ត្រ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ»

លោក ម៉ៃខឺល រីយ៉ាន ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើគ្រប់គ្នាចង់ឲ្យការសិក្សា ស្វែងរកប្រភពដើម COVID-19 ដោយ WHO អាចធ្វើទៅបានដោយរលូន និងក្លាយជាការសិក្សាដែលមានប្រយោជន៍ សម្រាប់បង្ការបញ្ហានេះនៅថ្ងៃអនាគតនោះ សូមកុំយកបញ្ហានេះទៅពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះវិស័យវិទ្យាសាស្ត្រ និងសុខាភិបាល មិនមែនជាគោលដៅនៃការវាយប្រហារ ខាងផ្នែកនយោបាយនោះឡើយ។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញបញ្ជាឲ្យទីភ្នាក់ងារពាក់ព័ន្ធនានា ធ្វើការស៊ើបអង្កេតរកប្រភពដើមនៃ COVID-19 ហើយរាយការណ៍មកកាន់លោកវិញ ក្នុងរយៈពេល ៩០ថ្ងៃ។ ភ្លាមៗស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានឆ្លើយតបវិញថា ការស្វែងរកប្រភពដើមនៃវីរុស COVID-19 គឺជាភារកិច្ចរបស់អ្នកវិទ្យាសាស្ត្រ ហើយការប្រើប្រាស់ការស៊ើបអង្កេត ដើម្បីកេងចំណេញនយោបាយ មានតែបំផ្លាញដល់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ការអំពាវនាវរបស់អាមេរិកខាងលើនេះ ក៏ត្រូវបានធ្វើចំពោះ WHO ផងដែរ ឲ្យបើកការស៊ើបអង្កេតដំណាក់កាលទី ២ បន្ទាប់ពីអង្គការនេះបានបិទបញ្ចប់ ការស៊ើបអង្កេតដំណាក់កាលទី ១ នៅទីក្រុង វូហាន (Wuhan) ប្រទេសចិនកាលពីខែមីនា ដោយបានរកឃើញថា «មានលទ្ធភាពខ្ពស់បំផុតដែលវីរុសកូរ៉ូណា (COVID-19) ត្រូវបានចម្លងពីសត្វប្រចៀវមកកាន់មនុស្ស តាមរយៈសត្វផ្សេងទៀត (ជាភ្នាក់ងារចម្លងមិនទាន់អាចកំណត់បាន)» ហើយការលើកឡើងពីទ្រឹស្តីថា វីរុសកូរ៉ូណាថ្មីត្រូវបានលេចធ្លាយ ចេញពីមន្ទីរពិសោធន៍នោះគឺជារឿងដែល «មិនសមហេតុផលទាល់តែសោះ»៕