(កាណាដា)៖ សេចក្ដីរាយការណ៍ពីការរកឃើញសាកសពកុមារជនជាតិដើមភាគតិច នៅឯអតីតសាលារៀនមួយសម្រាប់ជនជាតិដើមភាគតិចក្នុងទីក្រុង Kamloops ស្ថិតនៅភាគខាងលិចប្រទេសកាណាដា បាននិងកំពុងធ្វើឱ្យប្រជាជនកាណាដាកត់ស្លុតជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។
បើតាមអាជ្ញាធរកាណាដា សាកសពកុមារទាំង ២១៥នាក់ខាងលើត្រូវបានគេរកឃើញនៅឯអតីតសាលា Kamloops Indian Residential School ក្នុងទីក្រុង Kamloops នៃខេត្ត British Columbia។ នៅក្នុងចំណោមកុមារទាំងនេះ មានកុមារខ្លះមានអាយុ ៣ឆ្នាំ។ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុដែលធ្វើឱ្យ កុមារទាំងនេះស្លាប់នោះទេ ស្របពេលការស៊ើបអង្កេរមួយនឹងបន្តធ្វើឡើងជាមួយក្ដីរំពឹងថាអាចនឹងបន្តរកឃើញសាកសពកុមារច្រើនជាងនេះក៏ថាបាន។
គួរបញ្ជាក់ថា Kamloops Indian Residential School គឺអតីតសាលាសម្រាប់ជនជាតិដើមភាគតិចដ៏ធំមួយនៅក្នុងប្រទេសកាណាដាចាប់ពីឆ្នាំ១៨៩០ ដល់ឆ្នាំ១៩៦៩ មុននឹងប្រព័ន្ធសាលារបៀបនេះត្រូវបានបិទចោលនៅឆ្នាំ១៩៧៨។ បើតាមការប៉ាន់ស្មាន កុមារជាជនជាតិដើមភាគតិច ១៥០,០០០នាក់នៅទូទាំងប្រទេសកាណាដា ត្រូវគេបង្ខំឱ្យចាកចេញផ្ទះរបស់ពួកគេទៅរស់នៅតាមសាលាទាំងនោះនៅចន្លោះពីទសវតរ្សឆ្នាំ១៨៩០ និងថ្មីចុងក្រោយបំផុតនៅឆ្នាំ១៩៩៦៕