(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២,៨១៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦២៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,០២២,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៨,៩៦១នាក់ និងជាសះស្បើយឡើងសរុប ២៧,៧៦៧,០៤០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក ជាពិសេសរដ្ឋដែលត្រៀមបើកទ្វារទាំងស្រុងឡើងវិញ ដូចជាកាលីហ្វ័រញ៉ាជាដើម បាននិងកំពុងបង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៥.៧២លាននាក់ (៥០.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣២.៧៧លាននាក់ (៤០.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕