(បាម៉ាកូ)៖ តុលាការធម្មនុញ្ញនៃប្រទេសម៉ាលីបានប្រកាសតែងតាំងលោក Assimi Goita ដែលកាន់តំណែងជាអនុប្រធានាធិបតីបណ្ដោះអាសន្នឱ្យឡើងធ្វើជាប្រធានាធិបតីម៉ាលី បណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងក្រឹត្យមួយចេញផ្សាយកាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ តុលាការធម្មនុញ្ញម៉ាលីបាននិយាយថាដោយសារតែតំណែងប្រធានាធិបតីបណ្ដោះអាសន្ននៅទំនេរ បន្ទាប់ពីលោក Bah N'Daw លាលែងពីតំណែង ដូច្នេះអនុប្រធានាធិបតីនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន ដើម្បីដឹកនាំដំណើរការអន្តរកាលរហូតដល់ទីបញ្ចប់ ពោលគឺ រហូតដល់មានការបោះឆ្នោតសកលមួយដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២២។ តាមការពិតទៅ បើតាមរដ្ឋធម្មនុញ្ញម៉ាលី នៅពេលតំណែងប្រធានាធិបតីនៅទំនេរក្រោមហេតុផលណាមួយ នោះតំណែងប្រធានាធិបតីត្រូវផ្ទេរទៅឱ្យប្រធានសភាជាតិម៉ាលី។ ក៏ប៉ុន្តែដោយសារតែបច្ចុប្បន្ន មុខងារប្រធានាធិបតីគឺជាតំណែងបណ្ដោះអាសន្ន និង រដ្ឋាភិបាលបណ្ដោះអាសន្ន តុលាការធម្មនុញ្ញបានអះអាងថាតំណែងប្រធានាធិបតីនៅទំនេរនេះត្រូវប្រគល់ឱ្យអនុប្រធានាធិបតីបណ្ដោះអាសន្ន ដោយយោងទៅតាមធម្មនុញ្ញ អន្តរកាល។
គួរបញ្ជាក់ថា ប្រធានាធិបតីប្រទេសម៉ាលី លោក Bah N'Daw និងនាយករដ្ឋមន្រ្តី លោក Moctar Ouane ត្រូវបានយោធា ដោះលែងវិញហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រោយការចាប់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ការដោះលែងខាងលើនេះធ្វើឡើង បន្ទាប់ពីលោក Bah N'Daw និង លោក Moctar Ouane បានសម្រេចលាលែងពីតំណែងជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធ គឺពីរថ្ងៃក្រោយអ្នកទាំងពីរត្រូវបានយោធាចាប់ខ្លួន។ ការចាប់ខ្លួនលោក N'Daw និង លោក Ouane បានប្រព្រឹត្តទៅ ក្រោយការរុះរើគណៈរដ្ឋមន្រ្តីមួយ ដែលបណ្តាលឲ្យមន្រ្តីយោធាពីររូបបាត់បង់តំណែង។
ការចាប់ខ្លួននោះ ត្រូវបានដឹកនាំដោយលោក Assimi Goita ជាអនុប្រធានាធិបតី ដែលបាននិយាយការពារទង្វើខ្លួនថា ដោយសារតែលោក N'Daw និង លោក Ouane បានបំពានច្បាប់ ដោយមិនបានប្រឹក្សាយោបល់ជាមួយរូបលោកជាមុន អំពីការរុះរើគណៈរដ្ឋមន្រ្តី។ លោក Goita ក៏ជាអ្នកដែលបានរៀបចំការធ្វើរដ្ឋប្រហារ កាលពីខែសីហា ឆ្នាំ២០២០ ទម្លាក់អតីតប្រធានាធិបតី លោក Ibrahim Boubacar Keita ផងដែរ។ ក្រោយការចាប់ខ្លួនលោក N'Daw និង លោក Ouane លោក Goita បានអះអាងថា ការបោះឆ្នោតដែលគ្រោងធ្វើឡើង នៅឆ្នាំក្រោយ នឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល៕