(ឡុងដ៍)៖ ទីភ្នាក់ងារវេជ្ជសាស្ត្រអង់គ្លេស (MHRA) បានប្រកាសកាលពីថ្ងៃសុក្រនេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
គួរបញ្ជាក់ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយសាជីវកម្មពហុជាតិអាមេរិក Johnson & Johnson នេះ នឹងក្លាយជាជាវ៉ាក់សាំងទីបួន ដែលត្រូវបានអនុញ្ញាតឲ្យប្រើនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីវ៉ាក់សាំង Pfizer វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Moderna ។
កាលពីដើមឆ្នាំ វ៉ាក់សាំងចាក់តែមួយដូសនេះត្រូវបានបង្ហាញថា វាមានប្រសិទ្ធភាព ៦៧ភាគរយ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និង៨៥ ភាគរយក្នុងការការពារជំងឺធ្ងន់ធ្ងរ ឬចូលមន្ទីរពេទ្យ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងចំនួន ២០លានដូស ហើយវានឹងមកដល់នៅចុងឆ្នាំនេះ៕