(ឡូសអាន់ជែឡែស)៖ រដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតនៅក្នុងសហដ្ឋអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពីការសម្រេចចិត្តមួយ ក្នុងការផ្ដល់ប្រាក់រង្វាន់ដល់ទៅ «១១៦.៥លានដុល្លារ» ដើម្បីលើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួន ចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈរដ្ឋមួយនេះកំពុងត្រៀមខ្លួនបើកសេដ្ឋកិច្ច ឡើងវិញទាំងស្រុងនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
បើតាមអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសម (Gavin Newsom) រដ្ឋរបស់លោកនឹងផ្ដល់ប័ណ្ណបញ្ចុះតម្លៃនៅតាមហាងទំនិញ ដែលគិតជាទឹកប្រាក់ «៥០ដុល្លារ» ដល់ប្រជាជនកាលីហ្វ័រញ៉ា ០២លាននាក់ដំបូង ដែលបានចាក់វ៉ាក់សាំង។ កាន់តែពិសេសទៅទៀត អ្នកដែលមានអាយុ ១២ឆ្នាំ ឬច្រើនជាងនេះ ដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចដូសទី១ នឹងមាន សិទ្ធិស្វ័យប្រវត្តិដើម្បីចូលរួមដណ្ដើមប្រាក់រង្វាន់ ដែលនឹងត្រូវប្រកាសនៅខែមិថុនា។ អ្នកឈ្នះ ១០នាក់ដំបូង នឹងទទួលបាន ១.៥លានដុល្លារក្នុងម្នាក់ៗនៅថ្ងៃដំបូង ដែលរដ្ឋកាលីហ្វ័រញ៉ាបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ខណៈ ៣០នាក់ទៀតនឹងទទួលបាន ៥០,០០០ដុល្លារ នៅថ្ងៃទី០៤ និងថ្ងៃទី១១ ខែមិថុនា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋកាលីហ្វ័រញ៉ាដែលមានប្រជាជន ៤០លាននាក់ បានរាយការណ៍ពីអ្នកឆ្លង COVID-19 សរុប ៣.៦៧លាននាក់ ក្នុងនោះស្លាប់ ៦១,៨៥៥នាក់។ ចំណែកឯការចាក់វ៉ាក់សាំងវិញ រដ្ឋនេះសម្រេចបាន ៦២.៨ភាគរយនៃប្រជាជនមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលត្រូវបានកំណត់ថា ជាក្រុមអាយុដែលអាចទទួលការចាក់វ៉ាក់សាំង៕