ទីបំផុតតុលាការយោធាមីយ៉ាន់ម៉ា ផ្តន្ទាទោសក្រុមអ្នកដុតបំផ្លាញរោងចក្រចិន «ដាក់ពន្ធនាគារ២០ឆ្នាំ» (Video inside)
28-05-2021 16:55
(ណៃពិដោ)៖ តុលាការយោធានៅប្រទេសមីយ៉ាន់ម៉ា បានផ្តន្ទាទោសមនុស្ស ២៨នាក់ «ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ» ពីបទវាយប្រហារកាលពីប៉ុន្មានខែមុន លើរោងចក្រ ០២កន្លែងដែលវិនិយោគដោយចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរបស់យោធាមីយ៉ាន់ម៉ាឈ្មោះ ម៉ាយ៉ាវ៉ាឌី (Myawady) បានឲ្យដឹងថា បុគ្គលទាំង ២៨នាក់នោះ បានដុតបំផ្លាញរោងចក្រស្បែកមួយកន្លែង និងរោងចក្រកាត់ដេរមួយកន្លែងទៀត នៅតំបន់ឧស្សាហកម្ម ហ្លេង ថាយ៉ា (Hlaing Tharyar) ជាយក្រុងរ៉ង់ហ្គូន កាលពីខែមីនាកន្លងទៅ។ ពេលនោះស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានអះអាងថា បុគ្គលិកជនជាតិចិនជាច្រើននាក់ បានរងរបួស និងជាប់ខ្លួនក្នុងការវាយប្រហារទាំងនោះ ហើយស្ថានទូតចិនបានស្នើឲ្យអាជ្ញាធរមីយ៉ាន់ម៉ា ការពារទ្រព្យសម្បត្តិ និងពលរដ្ឋចិន។
គួរបញ្ជាក់ថា យោងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន Global Times កាលពីខែមីនា រោងចក្រដែលវិនិយោគដោយចិនសរុប ៣២កន្លែង បានរងការបំផ្លិចបំផ្លាញ ដែលគិតជាទំហំទឹកប្រាក់ស្មើនឹង ២៤០លានយាន់ ឬជិត ៣៧លានដុល្លារអាមេរិក៕