(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៅចក្រភពអង់គ្លេស បានរាយការណ៍ពីវត្តមានវីរុស COVID-19 បំប្លែងថ្មី ដែលរកឃើញដំបូងបំផុត នៅឯប្រទេសថៃ ប៉ុន្តែក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាជ្ញាធរសុខាភិបាលអង់គ្លេស បានប្រកាសថា វីរុសបំប្លែងថ្មីខាងលើ ដែលមានឈ្មោះសម្គាល់ថា C.36.3 សរុបចំនួន១០៩ករណី ត្រូវបានរកឃើញនៅអង់គ្លេស។ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានចុះផ្សាយព្រោងព្រាត ដោយហៅវាថា «វីរុសបំប្លែងថ្មីថៃ»។ យ៉ាងណាមិញ ខាងអាជ្ញាធរនៅប្រទេសថៃ ក៏បានច្រានចោលយ៉ាងរហ័សដែរថា វាពុំត្រឹមត្រូវឡើយ។

យោងតាមសេចក្តីរាយការណ៍របស់ អាជ្ញាធរសុខាភិបាលអង់គ្លេស វីរុសបំប្លែងថ្មី C.36.3 ត្រូវបានរកឃើញដំបូងបំផុតនៅប្រទេសថៃមែន ប៉ុន្តែក្នុងចំណោមអ្នកដែលធ្វើដំណើរមកពីប្រទេសអេហ្ស៉ីប។ បច្ចុប្បន្ន មិនទាន់មានភស្តុតាងថា តើវីរុសបំប្លែងថ្មីនេះ អាចកាចសាហាវជាង ងាយឆ្លងជាង ឬប៉ះពាល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង ឬក៏យ៉ាងណាទេ។ ដូច្នេះហើយ ពួកគេនឹងបន្តស៊ើបអង្កេត និងធ្វើតេស្តបន្ថែមលើវីរុសបំប្លែងថ្មីនេះ។

គួរបញ្ជាក់ថា ឆ្លើយតបចំពោះដាក់ឈ្មោះ «វីរុសបំប្លែងថ្មីថៃ» ដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស អាជ្ញាធរសុខាភិបាលថៃ បានលើកឡើងថា ខ្លួនកំពុងតាមដានលើសេចក្តីរាយការណ៍អំពីវីរុសបំប្លែងថ្មីនេះ ហើយជំទាស់ដាច់ខាតចំពោះការប្រើឈ្មោះ «វីរុសបំប្លែងថ្មីថៃ»។ បើតាម អាជ្ញាធរថៃ ការពិនិត្យមើលជាបឋម បានបង្ហាញថា វីរុសបំប្លែងថ្មីនោះ បាននាំចូលមកក្នុងប្រទេសថៃ តាមរយៈអ្នកដំណើរមកពីអេហ្ស៉ីប ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ក្រោយពេលមកដល់។ ហេតុនេះហើយ ប្រភពដើមវាគឺនៅអេហ្ស៉ីបឯណោះទេ ដូច្នេះវាមិនគួរហៅថា «វីរុសបំប្លែងថ្មីថៃ» ឡើយ គឺគួរតែហៅថា «វីរុសបំប្លែងថ្មីអេហ្ស៉ីប»