(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៧៥៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈចំនួនករណីស្លាប់វិញ គឺបានធ្លាក់ចុះវិញបន្តិច បើធៀបនឹងប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីតួលេខអ្នកស្លាប់ចំនួន ៣៤នាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១,២៩៤នាក់ជាករណីឆ្លងក្នុងពន្ធនាគារ។ ចំណែកឯអ្នកជំងឺជិត ៣,០០០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤៤,៩៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥៤នាក់ និងអ្នកជាសះស្បើយជាង ៩៧,៨៧២នាក់។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូស ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.២% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៕