(ហុងកុង)៖ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារស្រាប់ទៅហើយនោះ គឺ លោក ជីមមី ឡៃ (Jimmy Lai) ត្រូវគេរំពឹងថា នឹងទទួលការផ្តន្ទាទោសថ្មីមួយផ្សេងទៀតដាក់ពន្ធនាគារ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ពាក់ព័ន្ធនឹងការប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត កំលុងចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Jimmy Lai កំពុងជាប់ពន្ធនាគាររយៈពេល១៤ខែ ពីបទចូលរួមសកម្មភាពបាតុកម្មស្រដៀងគ្នា កាលពីថ្ងៃទី១៨ និងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។ ក្នុងខែឧសភានេះ លោកនិងសកម្មជន០៩នាក់ទៀត បានឆ្លើយសារភាពទោស ចំពោះបទចោទប្រកាន់ផ្សេងមួយ ទៀត ស្តីពីការរៀបចំការប្រមូលផ្ដុំគ្នា ដោយគ្មានការអនុញ្ញាត កាលពីដើមខែតុលា ឆ្នាំមុន ហើយនឹងត្រូវតុលាការសម្រេចផ្តន្ទាទោសនៅ ថ្ងៃសុក្រនេះ។
លោក Jimmy Lai បានជាប់ពន្ធនាគារចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ បន្ទាប់ពីត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំ ក្នុងសំណុំរឿងបទចោទប្រកាន់ដាច់ដោយឡែកមួយ ក្រោមច្បាប់សន្តិសុខជាតិ។ សរុបទាំងអស់ លោក Lai ប្រឈមនឹងការចោទប្រកាន់ចំនួន៣ ក្រោមច្បាប់សន្តិសុខជាតិថ្មីហុងកុង ដែលបានដាក់ដោយប្រទេសចិនកាលពីឆ្នាំ២០២០ ក្នុងការឆ្លើយតបទៅនឹងចលនាបាតុកម្មតវ៉ាដ៏កក្រើក ក្នុងនោះរួមមានទាំងការគុបគិតជាមួយកម្លាំងបរទេសផងដែរ។
គួរបញ្ជាក់ថា ការចាប់ខ្លួនម្តងហើយម្តងទៀតលើលោក Jimmy Lai បានធ្វើឱ្យមានការរិះគន់ពីរដ្ឋាភិបាលប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្សអន្តរជាតិ ដែលបានលើកឡើងនូវការព្រួយបារម្ភ អំពីការបាត់បង់សេរីភាពនៅក្នុង ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្ដុំគ្នា៕