(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រាប់រុស្ស៊ីថាខ្លួននឹងមិនត្រឡប់ចូលរួមក្នុងសិន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies ដែល អនុញ្ញាតឱ្យយន្ដហោះស៊ើបការណ៍មិនមានបំពាក់អាវុធហោះហើរចូលក្នុងដែនអាកាសនៃប្រទេសជាសមាជិក វិញនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែឧសភាឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានបញ្ជូនការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់សមភាគីរុស្ស៊ីរបស់លោកស្រីហើយ ខណៈសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO និងប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកក៏ត្រូវបាន ជូនដំណឹងរួចហើយដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញា Open Skies កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថារុស្ស៊ីបានបំពានលើសន្ធិសញ្ញា នេះ បើទោះជាទីក្រុងម៉ូស្គូបដិសេធក៏ដោយ។ ចំណែកឯ រដ្ឋាភិបាលរុស្ស៊ីវិញដែលកាលពីខែមករាកន្លងទៅបានប្រកាសពីផែនការចាកចេញពីសន្ធិសញ្ញានេះ ដែរ បានដាក់សំណើផ្លូវការមួយដល់សភាជាតិកាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅនេះ ដើម្បីអនុម័តការចាកចេញជាផ្លូវការ។ សន្ធិសញ្ញា Open Skiesត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ហើយចូលជាធរមាននៅឆ្នាំ២០០២៕