(ហ្សឺណែវ)៖ សហរដ្ឋអាមេរិកបានអំពាវនាវសាជាថ្មី ឱ្យអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតដំណាក់កាលទី២របស់ខ្លួន អំពីប្រភពដើមនៃវីរុស COVID-19 នៅក្នុងទីក្រុងវូហាន ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយ WHO បានចំណាយពេល ០៤សប្ដាហ៍ នៅក្នុងទីក្រុងវូហានកាលពីមករា និងខែកុម្ភៈកន្លងទៅនេះជាមួយ
ក្រុមអ្នកវិទ្យាសាស្ត្រចិនដើម្បីស៊ើបអង្កេត និងសិក្សាស្វែងយល់ពីប្រភពដើម COVID-19។ រហូតដល់ខែមីនា ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះបានចេញផ្សាយ របាយការណ៍មួយដោយបញ្ជាក់ថា វីរុសកូរ៉ូណា (COVID-19) គឺឆ្លងពីសត្វប្រចៀវទៅមនុស្សតាមរយៈសត្វដទៃទៀត ហើយថាវាមិនអាចទៅរួចសោះឡើយ ដែលវីរុសនេះលេចធ្លាយចេញពីមន្ទីរពិសោធន៍។
ក៏ប៉ុន្តែបេសកកម្មអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវសាជាថ្មីឱ្យអង្គការ WHO បើកការស៊ើបអង្កេតដំណាក់កាលទី ២ ប្រកបដោយតម្លាភាព ដោយសំអាងថារបាយការណ៍កាលពីលើកមុន មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក តាមដានរកប្រភពដើមនៃ COVID-19 ហើយរាយការណ៍មកកាន់លោកវិញនៅអំឡុងពេល ៩០ថ្ងៃ។
បើតាមលោក ចូ បៃដិន ទីភ្នាក់ងារពាក់ព័ន្ធទាំងឡាយនៅអាមេរិក កន្លងមកនេះបានបែងចែកប្រភពចំនួនពីរ ដែលអាចជាប្រភពដើមសម្រាប់វីរុស COVID-19 ដែលបានសម្លាប់មនុស្សជាង ៣.៥លាននាក់ នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាប្រភពទាំងពីរនេះ អ្នកជំនាញបាននិយាយថា ជាការប៉ាន់ស្មានមិនច្បាស់លាស់។
យ៉ាងណាក៏ដោយ ក្រោយពីបានដឹងឮការអំពាវនាវ ពីសំណាក់លោកប្រធានាធិបតីអាមេរិក ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ការស្វែងរកប្រភពដើមនៃវីរុស COVID-19 គឺជាភារកិច្ចរបស់អ្នកវិទ្យាសាស្ត្រ ហើយការប្រើប្រាស់ការស៊ើបអង្កេត ដើម្បីចំណេញនយោបាយមានតែបំផ្លាញ ដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះតែប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យនៃស្ថានទូតចិន បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «ពាក់ព័ន្ធនឹងការស៊ើបអង្កេតពីប្រភពដើម COVID-19 យើងធ្លាប់បានអំពាវនាវជាច្រើនលើក ឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើមូលដ្ឋានទទួលស្គាល់ការពិត និងវិទ្យាសាស្ត្រ ដើម្បីឱ្យយើងអាចរកវិធានការ ឬមធ្យោបាយដ៏ប្រសើរបំផុត ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាត ដទៃណាមួយនៅពេលអនាគត»៕