(ប៉េកាំង)៖ ថ្ងៃទី២៦ ខែឧសភា លោក បៃដិន ប្រធានាធិបតីអាមេរិកបានចេញបទបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ធ្វើការស៊ើបអង្កេតអំពីប្រភពដើម នៃវីរុសកូវីដ១៩ ក្នុងនោះបូករួមទាំង តើវីរុសនេះបានកើតចេញធម្មជាតិ ឬក៏បន្ទប់ពិសោធន៍ ព្រមទាំងបញ្ជាឱ្យប្រគល់របាយការណ៍ក្នុងរយៈពេល៩០ថ្ងៃ។ ព្រមពេលជាមួយគ្នានេះ លោកបានអះអាងថាអាមេរិកនឹងបន្តធ្វើកិច្ចសហប្រតិបតិ្តការជាមួយដៃគូតទៅទៀត និងដាស់តឿនឱ្យប្រទេសចិនចូលរួម ការស៊ើបអង្កេតអន្តរជាតិ។
អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថានៅចុងខែមីនា អង្គការសុខភាពពិភពលោកបានដាក់ចេញរបាយការណ៍សិក្សាស្រាវជ្រាវរួមស្តីពីការតាមដានរក ប្រភពដើមនៃវីរុសកូវីដ១៩ របស់ចិន-អង្គការសុខភាពពិភពលោក ហើយបានបញ្ជាក់ថា វីរុសកូវីដ១៩ «គ្មានលទ្ធភាព» ឆ្លងទៅមនុស្សតាមរយៈ បន្ទប់ពិសោធន៍នោះទេ។ ទង្វើខុសឆ្គងរបស់រដ្ឋាភិបាលលោកត្រាំដែលចង់ទម្លាក់កំហុសឱ្យគេ ក៏បានរងការរិះគន់ពិភពលោកទាំងមូលផងដែរ។
តើហេតុអ្វីបានជារដ្ឋាភិបាលរបស់លោក បៃដិន ស្រាប់តែលើកឡើង «បញ្ហាចាស់» ក្នុងពេលថ្មីៗកន្លងទៅនេះ រហូតដល់គំរាមកំហែងអ្នកជំនាញមួយចំនួន ឱ្យចូលរួមការស៊ើបការណ៍អង្កេតអំពីប្រភពដើមនៃវីរុសកូវីដ១៩?
ទីមួយ៖ ជនជាតិអាមេរិកមួយចំនួនបានធ្វើវិនិច្ឆ័យខុសឆ្គងចំពោះស្ថានការណ៍បង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ ពួកគេយល់ឃើញថា ស្របនឹងពេលដែលបានចាក់វ៉ាក់សាំងដោយទ្រងទ្រាយធំ ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងប្រហែលជិតដល់ទីបញ្ចប់ហើយ។ ពួកគេខ្លាចត្រូវគេដេញដោល ទំនួលខុសត្រូវ ដូច្នេះបានលេងកលល្បិចម្តងទៀត ដោយបានឃោសនាបំប៉ោងពាក្យសំដីអ្វីដែលហៅថា «វីរុសធ្លាយចេញពីបន្ទប់ពិសោធន៍» ក្នុងគោលបំណងចោទប្រកាន់បន្ទប់ពិសោធន៍ក្រុងវូហានម្តងទៀត ដើម្បីរកបាន «អ្នកទទួលទោសជំនួស»។
ទីពីរ៖ ទង្វើរបស់អាមេរិកក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបរិបទដែលរដ្ឋាភិបាលអាមេរិកចាត់ទុកប្រទេសចិនជា «គូប្រជែងធំបំផុត» ។ បច្ចុប្បន្ននេះ បក្សទាំងពីររបស់អាមេរិកបានធ្វើការប្រកួតប្រជែង ដើម្បីបង្ហាញថាអ្នកណាមានអាកប្បកិរិយាកាន់តែរឹងចចេសចំពោះប្រទេសចិន ហើយចាត់ទុកការនេះ ជាមធ្យោបាយសម្រាប់ដណ្តើមយកសន្លឹកឆ្នោត។
ប្រសិនបើអាមេរិកទទូចធ្វើការស៊ើបអង្កេតតាមគំនិតខុសទំនងស្តីពីពាក្យសំដីដែលហៅថា «វីរុសធ្លាយចេញពីបន្ទប់ពិសោធន៍» នោះអ្នកដែលត្រូវគេ ស៊ើបអង្កេតមុនគេ គឺអាមេរិកខ្លួនហ្នឹងឯង។ បន្ទប់ពិសោធន៍ជីវសាស្ត្រសម្ងាត់ទាំងក្នុង និងក្រៅប្រទេសអាមេរិក គួរឱ្យចោទជាមន្ទិលសង្ស័យ។ ឧទាហរណ៍ ដូចជាបន្ទប់ពិសោធន៍Fort Detrick ដែលស្ថិតនៅរដ្ឋ Maryland របស់អាមេរិកស្រាប់តែបិទទ្វារនៅខែកក្កដា ឆ្នាំ២០១៩។ បន្ទាប់ពីនោះមិនជាយូរប៉ុន្មាន សហគមន៍មួយដែលស្ថិតនៅរដ្ឋ Virginia ដែលមានចម្លាយបើកឡានតែមួយម៉ោងពីបន្ទប់ពិសោធន៍នោះក៏បានផ្ទុះ «ជំងឺបារីអេឡិចត្រូនិក» ដ៏ចម្លែក អាការរោគរបស់អ្នកជំងឺប្រហាក់ប្រហែលគ្នានឹងអ្នកឆ្លងជំងឺកូវីដ១៩។
តើសភាពការណ៍បែបនេះមិនគួរត្រូវដាក់បញ្ចូលក្នុងក្របខណ្ឌតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ទេ? ការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ គួរតែពឹងផ្អែកទៅលើវិទ្យាសាស្ត្រ តែមិនត្រូវឱ្យវាក្លាយជាបញ្ហានយោបាយនោះទេ។ ពាក់ព័ន្ធនឹងបញ្ហាដ៏សំខាន់មួយនេះ ជនជាតិអាមេរិកមួយចំនួនចង់ បំភាន់ភ្នែកមនុស្សនិងទម្លាក់កំហុសឱ្យគេ។
តើពេលណាអាមេរិកអាចអញ្ជើញអង្គការសុខភាពពិភពលោកឱ្យទៅធ្វើការងារតាមដានរកប្រភពដើមវីរុសកូវីដ១៩ នៅអាមេរិកដូចប្រទេសចិនអ៊ីចឹង? អាមេរិកគួរតែផ្តល់ចម្លើយមួយដល់ពិភពលោកទាំងមូល៕