ទីបំផុតលោក Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៉ីរី សម្រាប់អាណត្តិទី៤ (Video inside)
28-05-2021 09:07
(ដាម៉ាស់)៖ លោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) នៅទីបំផុតត្រូវបានបោះឆ្នោតជ្រើសតាំង ឲ្យធ្វើជាប្រធានាធិបតីប្រទេសស៊ីរី សម្រាប់អាណត្តិទី៤ហើយ បើទោះបីជាបណ្តាប្រទេសលោកខាងលិចដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីជាដើមបានចោទថា វាជាការបោះឆ្នោតដោយគ្មានភាពសេរី និងយុត្តិធម៌ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
លទ្ធផលនៃការបោះឆ្នោតខាងលើនេះ ត្រូវបានប្រកាសចេញនៅថ្ងៃព្រហស្បតិ៍ ខណៈប្រទេសស៊ីរីត្រូវបានគេមើលឃើញថា បន្តស្ថិតក្នុងសង្គ្រាម និងការបែងចែកទឹកដីនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសស៊ីរីបានស្ងប់ស្ងាត់បន្តិចមកវិញ ហើយរបបដឹកនាំរបស់លោក អាស្សាដ ដែលមានរុស្ស៊ីជាខ្នងបង្អែកដ៏រឹងមាំ ក៏មិនបានរងសម្ពាធពីលោកខាងលិច ឲ្យចុះចេញពីតំណែងទៀតដែរ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានសភាស៊ីរីបានប្រកាសពី ជោគជ័យរបស់លោក បាហ្សា អាល់ អាស្សាដ ក្នុងការបោះឆ្នោត ជាមួយនឹងសំឡេងគាំទ្រ ៩៥.១% ឯណោះ។ យ៉ាងណាក៏ដោយ ព័ត៌មានជាក់លាក់អំពីការបោះឆ្នោតនៅស៊ីរី គឺមិនត្រូវបានដឹងឲ្យប្រាកដនោះឡើយ។ សង្គ្រាមនៅប្រទេសស៊ីរី ដែលបានផ្ទុះឡើងអំឡុងបដិវត្តន៍ផ្កាម្លិះកាលពីឆ្នាំ២០១១ រហូតមកទល់នឹងពេលនេះ បានផ្តាច់ជីវិតមនុស្សជាង ៣៨៨,០០០នាក់, ប្រជាជនស៊ីរីរាប់លាននាក់ទៀតរត់ភៀសខ្លួន និងហេដ្ឋរចនាសម្ព័ន្ធស្ទើរគ្រប់ខេត្តក្រុង បានរងការបំផ្លិចបំផ្លាញរាបដល់ដី៕