(បេឡារុស)៖ រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសអ្នកមាន G7 នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យមានការដោះលែងអ្នកកាសែតបេឡារុសដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីយន្ដហោះដែលគាត់បានជិះត្រូវបានបង្វែរទិសដៅឲ្យចុះចតទីក្រុង Minsk ដោយអាជ្ញាធរបេឡារុស កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេសថានៅថ្ងៃនេះថា «យើងទាមទារឱ្យមានការដោះលែងលោក Roman Protasevich ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ក៏ដូចជារបស់អ្នកសារព័ត៌មាន និងអ្នកទោសនយោបាយផ្សេងទៀត ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសបេឡារុស»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្រ្តីនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលីជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប «ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដែលមិនធ្លាប់មានពីមុនមករបស់អាជ្ញាធរបេឡារុស»។
គួរបញ្ជាក់ថា លោក Roman Protasevich មានអាយុ២៦ឆ្នាំ ជាសហស្ថាបនិកនៃកម្មវិធីផ្ញើសារ Nexta ដែលត្រូវបានក្រុមបាតុករប្រើប្រាស់ដើម្បីប្រមូលផ្ដុំកម្លាំង ធ្វើបាតុកម្មប្រឆាំងនឹងលោក Alexander Lukashenko។ លោក Protasevich បានរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសប៉ូឡូញ បន្ទាប់ពីរដ្ឋាភិបាលបេឡារុសចាត់ទុក រូបលោកជាជនជ្រុលនិយម និងជាប់ចោទពីបទល្មើសមួយចំនួនដែលអាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារ១៥ឆ្នាំ៕