(បាងកក)៖ ព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ បានអនុញ្ញាតឲ្យស្ថាប័នមួយ ដែលទ្រង់ជាអ្នកឧបត្ថម្ភគាំទ្រ ធ្វើការនាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយផ្ទាល់ «មិនចាំបាច់ត្រូវឆ្លងកាត់រដ្ឋាភិបាល» ស្របពេលដែលប្រជាជនថៃ កំពុងមិនពេញចិត្តជាខ្លាំង នឹងល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង ចំពោះមុខការកើនឡើងនៃករណីឆ្លងថ្មីៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។
ព្រះនាងម្ចាស់ ជូឡាផន (Chulabhorn) ព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានចុះព្រះហស្ថលេខាលើក្រឹត្យមួយ ចេញផ្សាយកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ដែលផ្តល់អំណាចឲ្យរាជបណ្ឌិតសភាវេជ្ជសាស្រ្ត-វិទ្យាសាស្រ្តថៃ ជូឡាផន (Chulabhorn) អាចធ្វើសកម្មភាពដោយឯកតោភាគីបាន ក្នុងការនាំចូលវ៉ាក់សាំង និងបម្រើផលប្រយោជន៍របស់ប្រជាជន ពាក់ព័ន្ធបញ្ហាជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ។
រាជបណ្ឌិតសភាថៃ Chulabhorn បានប្រកាសថា វ៉ាក់សាំង COVID-19 ដែលខ្លួននឹងទិញ នឹងជួយបំពេញបន្ថែមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រដ្ឋាភិបាលថៃ ហើយវានឹងបន្តប្រព្រឹត្តទៅ រហូតទាល់តែអាចបំពេញតម្រូវក្នុងប្រទេសបាន។ រាជបណ្ឌិតសភាថៃ Chulabhorn បានត្រៀមរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈវ៉ាក់សាំងដែលត្រូវនាំចូល អាចជាវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) របស់ចិន ដែលអាជ្ញាធរសុខាភិបាលថៃត្រូវបានគេរំពឹងថា នឹងផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង ដែលត្រូវបានអង្គការ WHO ទទួលស្គាល់ជាផ្លូវការរួចទៅហើយនេះ នៅក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា កន្លងមកនេះរដ្ឋាភិបាលថៃបានទទូចថា ខ្លួនត្រូវតែជាអ្នកទទួលបន្ទុក លើការនាំចូលវ៉ាក់សាំងទាំងអស់។ ប្រទេសថៃ ដែលមានប្រជាជនជិត ៧០លាននាក់ ទើបតែគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងទ្រង់ទ្រាយធំនៅខែមិថុនា ខាងមុខនេះប៉ុណ្ណោះ ។ យុទ្ធនាការនេះនឹងពឹងផ្អែកជាចម្បង ទៅលើវ៉ាក់សាំងអង់គ្លេស AstraZeneca ដែលទទួលបន្ទុកផលិតដោយក្រុមហ៊ុនក្នុងស្រុក ខណៈរដ្ឋាភិបាលថៃរំពឹងថា នឹងមានវ៉ាក់សាំង AstraZeneca ប្រមាណ ០៦លានដូស និងវ៉ាក់សាំង Sinovac ០៣លានដូស សម្រាប់ចាក់នៅខែក្រោយ។
បណ្តាមន្ទីរពេទ្យឯកជននៅប្រទេសថៃ ក៏បានរួមគ្នាគ្រោងទិញវ៉ាក់សាំងចំនួន ១០លានដូស ពីក្រុមហ៊ុនអាមេរិក Moderna ផងដែរ តាមរយៈក្រុមហ៊ុនមួយរបស់រដ្ឋ។ ជាមួយយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ត្រូវចាប់ផ្តើមនៅខែក្រោយ ថៃមានគោលដៅចាក់វ៉ាក់សាំងប្រជាជនឲ្យបាន ៧០ភាគរយ នៃប្រជាជនសរុបរបស់ខ្លួនមុនដំណាច់ឆ្នាំនេះ។
គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថៃសម្រេចបានការចាក់វ៉ាក់សាំង ចំនួន ៣.១៥លានដូស ក្នុងនោះប្រជាជន ៣.១៥លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.១% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)។ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤១,២១៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩២០នាក់ និងអ្នកជាសះស្បើយជិត ៩៤,០០០នាក់៕