(វ៉ាស៊ីនតោន)៖ ភាពផ្ទុយគ្នារវាងរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំកំពុងស្ថិតនៅក្នុងការជជែកដេញដោលថាតើ ប្រធានាធិបតីមាន ឬទទួលបានអំណាចធំធេងលើសលប់ជាងប្រយោជន៍សាធារណៈដែរឬក៏យ៉ាងណា? នៅក្រោមអាណត្តិដឹកនាំ ៤ឆ្នាំកន្លងទៅ លោក ដូណាល់ ត្រាំ ត្រូវបានគេពិពណ៌នាថាជាប្រធានាធិបតីអាមេរិកម្នាក់ដែលមានអំណាចខ្លាំងបំផុត រហូតដល់ក្រុមអ្នករិះគន់ខ្លះជំរុញឱ្យសភា និងតុលាការកំពូលអាមេរិកធ្វើអន្តរាគមន៍មុននឹងប្រទេសមហាអំណាចប្រជាធិបតេយ្យមួយនេះធ្លាក់ទៅក្រោមការដឹកនាំបែបផ្ដាច់ការ។

ប៉ុន្តែចាប់តាំងពីលោក ចូ បៃដិនស្បថចូលកាន់តំណែងមក ក្រុមអ្នកប្រជាធិបតេយ្យមិនបានធ្វើអ្វីឡើយដើម្បីគ្រប់គ្រង ឬបញ្ឈប់ការកើនឡើងនៃអំណាចផ្ដាច់មុខរបស់ ប្រធានាធិបតី។ តើហេតុអ្វីបានជាអ្នកប្រជាធិបតេយ្យបោះបង់ចោលឱកាសធ្វើកំណែទម្រង់តំណែងប្រធានាធិបតី? ហេតុផលមួយដែលគេអាចពន្យល់បាននោះគឺ គណបក្សប្រជាធិបតេយ្យមិនចង់ឱ្យប្រធានាធិបតីរបស់ពួកគេអាក់អន់ស្រពន់ចិត្ត ជាពិសេសខ្លាចចាញ់ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២២។

មួយវិញទៀត បើសិនជាគណបក្សប្រជាធិបតេយ្យបាត់បង់ការគ្រប់គ្រងសភាតំណាងរាស្ត្រ ឬព្រឹទ្ធសភា នោះការសម្រេចនូវរបៀបវារៈនយោបាយរបស់ពួកគេអាចនឹងតម្រូវឱ្យពួកគេចាំបាច់ត្រូវការមានប្រធានាធិបតីខ្លាំងម្នាក់ដូចដែលពួកគេតែងតែរិះគន់ និងចោទថារំលោភអំណាចពេញមួយអាណត្តិកន្លងទៅ។ មែនពិតទៅវាមាន ហេតុផលជ្រៅជាងនេះដែលប្រធានាធិបតីចាំបាច់ត្រូវតែរក្សាអំណាចផ្ដាច់មុខ នោះគឺដោយសារតែប្រជាជនអាមេរិកខ្លួនឯងចង់បានប្រធានាធិបតីដ៏ខ្លាំង និងមានអំណាច ម្នាក់ មិនមែនខ្លាំងត្រឹមតែទ្រឹស្ដី ឬមនោគមន៍វិជ្ជាប៉ុណ្ណោះទេ តែត្រូវខ្លាំងខាងការអនុវត្តធ្វើសកម្មភាពជាក់ស្ដែង។ ពួកគេជឿថាមានតែប្រធានាធិបតីខ្លាំងទេ ទើបមាន សមត្ថភាពដោះស្រាយបញ្ហាប្រឈមទាំងឡាយ។

*ប្រធានាធិបតីម៉ាត់ណាម៉ាត់ហ្នឹង

បើគេត្រឡប់ទៅមើលអតីតកាលកាលពីជាងពីរទសវតរ្សមុន សហរដ្ឋអាមេរិកធ្លាប់បានជួបប្រទះនឹងវិបត្តិធំជាច្រើនក្នុងនោះរួមមានការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១, វិបត្តិហិរញ្ញវត្ថុសកលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ និងបច្ចុប្បន្នការឆ្លងរាតត្បាត COVID-19 ដែលបានបង្កជាវិបត្តិសេដ្ឋកិច្ចពីឆ្នាំ២០២០ មកទល់នឹង ឆ្នាំ២០២១នេះ។

លោក អេរិគ ប៉ូស្នឺ (Eric Posner) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ University of Chicago Law School បាននិយាយថាការដោះស្រាយវិបត្តិទាំងនេះត្រូវ ការប្រធានាធិបតីម្នាក់ដែលមិនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ខណៈប្រជាជនត្រូវការមេដឹកនាំដែលអាចផ្ដល់ឱ្យពួកគេនូវការធានា និងដំណោះស្រាយ។ វិបត្តិធំៗ ដូចជាវិបត្តិសេដ្ឋកិច្ច Great Depression និងសង្រ្គាមលោកលើកទី២បានផ្ដល់អំណាចយ៉ាងធំធេងដល់ប្រធានាធិបតីសម័យទំនើប ហើយសភាទាំង២របស់អាមេរិកបាន ផ្ដល់អំណាចដោយស្ម័គ្រចិត្តដល់ប្រធានាធិបតីដើម្បីឆ្លើយតបទៅនឹងបញ្ហា ឬវិបត្តិថ្មីៗណាមួយ។ ពោលគឺចាប់តាំងពីសង្រ្គាមលោកលើកទី២មក អំណាចប្រធានាធិបតី របស់សហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់ ដោយគ្មានអ្វីមករាំងស្ទះឡើយ។

ក្រុមអ្នកប្រជាធិបតេយ្យត្រូវការប្រធានាធិបតីដ៏មានអំណាចម្នាក់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច រីឯក្រុមអ្នកសាធារណរដ្ឋត្រូវការប្រធានាធិបតីដ៏មានអំណាចម្នាក់ដើម្បី ការពារប្រទេសជាតិពីការគំរាមកំហែងពីបរទេសណាមួយ, ពីអន្តោប្រវេសន៍ខុសច្បាប់ និងពីអសន្តិសុខសេដ្ឋកិច្ច។ អំណាចប្រធានាធិបតី គឺផ្ដល់ដោយរដ្ឋធម្មនុញ្ញដែល អំណាចទាំងនោះរួមមានសិទ្ធិវេតូទៅនឹងសេចក្ដីព្រាងច្បាប់របស់រដ្ឋសភា ឬព្រឹទ្ធសភា, បើកការវាយប្រហារលើសត្រូវដោយមិនចាំបាច់សុំការអនុញ្ញាតពីសភា និង រហូតដល់មានអំណាចប្រកាសដាក់ក្នុងគ្រាអាសន្នជាដើម។

តែដោយសារប្រព័ន្ធ «Checks and Balances» ពេលខ្លះប្រធានាធិបតីអាមេរិកក៏ត្រូវប្រឈមមុខនឹងនីតិវិធីដកតំណែងពីសភាតំណាងរាស្ត្រដែរ។ ឧទាហរណ៍ដូចជា ករណីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំដែលត្រូវបានសភាតំណាងរាស្ត្រចោទប្រកាន់ដកតំណែងដល់ទៅពីរលើក ទោះជាលោក ត្រាំរួចខ្លួននៅក្នុង សវនាការនៅឯព្រឹទ្ធសភាទាំង២លើកដែរក៏ដោយ៕

ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១)