(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហឺ (Liu He) ជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ព្រមទាំងជាមន្ត្រីជាន់ខ្ពស់តំណាងចិន នៅក្នុងការរៀបចំកិច្ចសន្ទនាសេដ្ឋកិច្ចចិន-អាមេរិក បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោកស្រី ខេធើរីន តៃ (Katherine Tai) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
លោកស្រី ខេធើរី តៃ គឺជាតំណាងជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយកិច្ចសន្ទនាតាមទូរស័ព្ទរវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសសេដ្ឋកិច្ចយក្សទាំងពីរនេះ ត្រូវបានធ្វើឡើងប្រកបដោយសមភាព, ស្មារតីគោរពគ្នាទៅវិញទៅមក និងការដោះដូរមតិយោបល់គ្នា ប្រកបដោយភាពស្មោះត្រង់ និងជាក់ស្តែង។
គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាខាងលើនេះ តំណាងពាណិជ្ជកម្មចិន និងអាមេរិកបានព្រមព្រៀងគ្នា លើការអភិវឌ្ឍវិស័យពាណិជ្ជកម្មទ្វេភាគី ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ព្រមទាំងការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីក្តីព្រួយបារម្ភទាំងឡាយ។ បន្ថែមពីនេះភាគីទាំងពីរក៏បានសន្យា បង្កើនការធ្វើទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងផងដែរ៕