(កាលីហ្វ័រញ៉ា)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាខ្មាន់កំាភ្លើងម្នាក់បានបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួន៨នាក់ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅឯកន្លែងជួសជុល និងចតរថភ្លើងមួយកន្លែងក្នុងទីក្រុងសាន់ ហូសេ (San Jose) រដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។
ភ្លាមៗប៉ូលិសអាមេរិកទាន់អាចបញ្ជាក់ពីមូលហេតុ ឬចេតនានៅពីក្រោយការបាញ់ប្រហារនេះទេ ហើយក៏មិនបានបញ្ជាក់ពីអត្តសញ្ញាណខ្មាន់កំាភ្លើងនោះដែរ។ តែបើតាម ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ គឺសារព័ត៌មាន San Jose Mercury News ខ្មាន់កាំភ្លើងខាងលើត្រូវបានគេស្គាល់ឈ្មោះថា សាំម្ញូអែល ខាសស៊ីឌី (Samuel Cassidy) មានអាយុ៥៧ឆ្នាំ និងជាបុគ្គលិកថែទាំរថភ្លើងនៅឯស្ថានីយ Santa Clara Valley Transportation Authority (VTA)។
គួរបញ្ជាក់ថា បើតាមអង្គការ Gun Violence Archive ករណីបាញ់សម្លាប់រង្គាលមនុស្សនៅទូទាំងសហរដ្ឋអាមេរិកបានកើតឡើង ២៣០លើកមកហើយនៅក្នុងឆ្នាំ២០២១ នេះ។ ការបាញ់សម្លាប់រង្គាលមនុស្សគឺសំដៅទៅលើករណីបាញ់ប្រហារដែលបណ្ដាលឱ្យមនុស្សស្លាប់ចាប់ពី៤នាក់ឡើងទៅ៕