(ម៉ូស្គូ)៖ នៅដើមសប្តាហ៍នេះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសលោកត្រៀមខ្លួនជាស្រេច ក្នុងការចាប់ដៃគ្នាជាមួយប្រទេសចិន ដើម្បីចូលរួមចំណែកទៅក្នុង ការថែរក្សាស្ថិរភាពយុទ្ធសាស្រ្តសកលលោក ព្រមទាំងការពារពហុភាគីនិយម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។
លោកប្រធានាធិបតីរុស្ស៉ីបានថ្លែងដូចខាងលើ ចេញពីទីក្រុង សូឈី (Sochi) ប្រទេសរុស្ស៉ី ក្នុងកិច្ចសន្ទនាមួយតាមប្រព័ន្ធទូរស័ព្ទជាមួយ លោក យ៉ាង ជីឈី Yang Jiechi នាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបានចូលទៅចួលរួម កិច្ចពិគ្រោះពិភាក្សាផ្នែកសន្តិសុខជាយុទ្ធសាស្រ្តរុស្ស៉ី-ចិនជុំទី ១៦ នៅឯទីក្រុងម៉ូស្គូ។
លោក ពូទីន ក៏បានលើកឡើងទៀតថា រុស្ស៉ីប្តេជ្ញាយ៉ាងមុតមាំក្នុងការអភិវឌ្ឍ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់គ្រងជ្រុងជ្រោយជាមួយចិន នៅក្នុងកម្រិតខ្ពស់ ព្រមទាំងពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្ត រវាងប្រទេសទាំងពីរ។ លោក ពូទីន បានបន្តថា ទំនាក់ទំនងរុស្ស៉ី-ចិន គឺជាល្អបំផុតនៅក្នុងប្រវត្តិសាស្រ្ត ហើយវាជារឿងសំខាន់ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរ ត្រូវរក្សាការទាក់ទងជិតស្និទ្ធ។
គួរបញ្ជាក់ថា ឆ្នាំនេះក៏ត្រូវជាគម្រប់ខួបទី ២០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាមិត្តរវាងចិន និងរុស្ស៉ីផងដែរ៕