(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃពុធនេះ បានចេញមុខប្រតិកម្មភ្លាមៗ បន្ទាប់ពីសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅទប់ទល់ទីក្រុងប៉េកាំង ត្រូវបានរៀបចំឡើងនៅឯសភាសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្ត (រដ្ឋសភា) របស់សហរដ្ឋអាមេរិកលោក ហ្គ្រេហ្កូរី មីកស៍ (Gregory Meeks) បានបញ្ចេញសេចក្តីព្រាងច្បាប់មួយហៅថា «ការធានានូវភាពជាអ្នកដឹកនាំ និងការចូលរួមពាក់ព័ន្ធក្នុងពិភពលោក របស់សហរដ្ឋអាមេរិក» ឬ EAGLE Act ដែលមានគោលដៅជំរុញការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់អាមេរិក។

ចំណែកកាលពីសប្តាហ៍មុន លោក ឆាក់ ស៊ូមើរ (Chuck Schumer នៃបក្សប្រជាធិបតេយ្យ ដែលជាប្រធានសំឡេងភាគច្រើន នៅព្រឹទ្ធសភាអាមេរិកក៏បានបង្ហាញសេចក្តីព្រាង ទើបត្រូវបានកែសម្រួលមួយផងដែរ ដែលសំដៅផ្តល់កញ្ចប់ថវិកាទំហំ ៥២ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យផលិតកម្ម និងស្រាវជ្រាវបន្ទះឈីបបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិកក្នុងរយៈពេល ០៥ឆ្នាំខាងមុខ ដើម្បីប្រជែងជាមួយចិន។

គួរបញ្ជាក់ថា ឆ្លើយតបចំពោះសកម្មភាពខាងលើ នៅថ្ងៃពុធនេះលោក ចាវ លីជាន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ទីក្រុងប៉េកាំងជំទាស់យ៉ាងដាច់ខាត ចំពោះសេចក្តីព្រាងច្បាប់របស់សហរដ្ឋអាមេរិក ដែលមានគោលដៅទប់ទល់នឹងប្រទេសចិន ហើយលោកបានសង្កត់ធ្ងន់ថា ចិននឹងធានាការពារផលប្រយោជន៍របស់ខ្លួនជានិច្ច៕