(ញូដេលី)៖ វិទ្យាស្ថានសេរូមឥណ្ឌា (Serum Institute of India) ឬ SII ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកបានឱ្យដឹងកាលពីសប្ដាហ៍មុនថា ខ្លួនអាចនឹងចាប់ផ្ដើមផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដល់កម្មវិធី COVAX នៅដំណាច់ឆ្នាំ២០២១នេះ។ COVAX គឺជាគំនិតផ្ដួចផ្ដើមមួយដឹកនាំដោយ

អង្គការសុខភាពពិភពលោក (WHO) មានគោលដៅធានាឱ្យបាននូវការចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាពដល់បណ្ដាប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍ នៅជុំវិញពិភពលោក។

ការផ្អាកការនាំចេញវ៉ាក់សាំងរបស់ SII និងរដ្ឋាភិបាលឥណ្ឌាធ្វើឡើងឆ្លើយតបទៅនឹងតម្រូវការវ៉ាក់សាំងនៅក្នុងស្រុកដែលត្រូវការជាចាំបាច់នៅក្នុងបរិបទដែល ប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងប្រឈមមុខនឹងរលកឆ្លង COVID-19 ដ៏កាចសាហាវ។ តែព្រមពេលជាមួយគ្នា ការសម្រេចចិត្តបែបនេះបានបង្កបញ្ហាដ៏ធំដល់ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកលើយន្ដការ COVAX ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ពួកគេ។

បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ ឬហៅកាត់ថា UNICEF ពិភពលោកបានខ្វះខាតវ៉ាក់សាំង១៤០លានដូសរួចទៅហើយ ហើយនៅដំណាច់ខែមិថុនាខាងមុខនេះ កង្វះខាតវ៉ាក់សាំងអាចនឹងកើនដល់១៩០លានដូស។ នេះជាបញ្ហាសម្រាប់ពិភពលោកទាំងមូល ពោលគឺវាមិនត្រឹមតែជាបញ្ហារបស់បណ្ដាប្រទេស កំពុងអភិវឌ្ឍន៍នោះទេ។

*ហេតុអ្វី COVAX ខ្វះខាតវ៉ាក់សាំង?

កាលពីឆ្នាំ២០២០ វិទ្យាស្ថានសេរូមឥណ្ឌា (SII) បានសន្យាថានឹងផ្គត់ផ្គង់វ៉ាក់សាំងជាង ២០០លានដូសដល់យន្ដការ COVAX ដោយក្នុងនោះវ៉ាក់សាំងច្រើនជាង ១១១លានដូសនឹងត្រូវផ្ដល់ជូនដល់បណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅចន្លោះពីខែកុម្ភៈដល់ខែឧសភា។ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ន វ៉ាក់សាំងដែល SII បញ្ចេញឱ្យ COVAX មានត្រឹមតែ ៣០លានដូសប៉ុណ្ណោះ។

បើតាមអង្គការ UNICEF ការពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងរបស់វិទ្យាស្ថានសេរូមឥណ្ឌា រួមទាំង «កំណើននៃវ៉ាក់សាំងជាតិនិយម» គឺជាមូលហេតុចម្បងធ្វើឱ្យ COVAX មិនអាចចែកចាយវ៉ាក់សាំងតាមការសន្យា។ UNICEF បានឱ្យដឹងទៀតថា COVAX ដំបូងឡើយមានគោលដៅចែកចាយវ៉ាក់សាំង ៧១លានដូសដល់បណ្ដាប្រទេស និងដែនដីចំនួន១២៥ ហើយក្នុងចំណោមវ៉ាក់សាំងទាំងនេះទៀតសោត ៤២ភាគរយផ្ដល់ដោយ SII និង៥៦ភាគរយមកពីក្រុមហ៊ុនអង់គ្លេស AstraZeneca។

ឆ្លើយតបទៅនឹងបញ្ហានេះ នាយកប្រតិបត្តិ (CEO) វិទ្យាស្ថានសេរូមឥណ្ឌា លោក អាដា ពូនណាវ៉ាឡា (Adar Poonawalla) បានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីសប្ដាហ៍មុនថាក្រុមហ៊ុននឹងផ្ដោតជាសំខាន់លើការផ្គត់ផ្គង់តម្រូវការវ៉ាក់សាំងនៅក្នុងស្រុក ហើយថាអាចនឹងចាប់ផ្ដើមនាំចេញវ៉ាក់សាំងទៅក្រៅប្រទេសនៅដំណាច់ ឆ្នាំ២០២១នេះ។ «យើងនឹងបង្កើនការផលិត និងផ្ដោតជាអាទិភាពក្នុងប្រទេសឥណ្ឌា...យើងសង្ឃឹមថានឹងអាចចែកចាយវ៉ាក់សាំងឡើងវិញដល់ COVAX និងបណ្ដាប្រទេសដទៃនៅដំណាច់ឆ្នាំនេះ»។ នេះជាការបញ្ជាក់របស់លោក Adar Poonawalla។

គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ប្រជាជនឥណ្ឌាត្រឹមតែ ៣ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបទូទាំងប្រទេសបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ ឬ២ដូស។

*តើមានដំណោះស្រាយផ្សេងដែរឬទេ?

អ្នកនាំពាក្យម្នាក់នៃសម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាសហស្ថាបនិកយន្ដការ COVAX បាននិយាយកាលពីពេលថ្មីៗនេះថាជម្រើសជាអាទិភាពមួយ នោះគឺធ្វើការជាមួយ បណ្ដារដ្ឋាភិបាលដែលមានសមត្ថភាពផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈ COVAX។ អ្នកនាំពាក្យរូបនេះមិនបញ្ជាក់លម្អិតពីប្រទេសដែលខ្លួន ចង់សហការនោះទេ តែការលើកឡើងបែបនេះមានន័យថាអ្នកវិទ្យាស្ថានសេរូមឥណ្ឌាមិនមែនជាតួអង្គតែមួយគត់ដែលអាចដោះស្រាយបញ្ហាកង្វះខាតវ៉ាក់សាំង នោះឡើយ។

Gavi ក៏ធ្លាប់បានបង្ហើបដែរថាខ្លួនកំពុងស្ថិតនៅក្នុងការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួនក្នុងនោះរួមមានទាំងក្រុមហ៊ុនចិន Sinopharm ដើម្បីបង្កើនការផ្ដត់ផ្គង់វ៉ាក់សាំងដល់ COVAX។

កាលពីដើមខែឧសភាកន្លងទៅនេះ WHO បានយល់ព្រមចុះបញ្ជីទទួលស្គាល់ និងអនុញ្ញាតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm សម្រាប់ការប្រើប្រាស់ បន្ទាន់ ធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី៦ទទួលបានភ្លើងបៃតង បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech, Astrazeneca, Serum Institute of India, Johnson & Johnson និងក្រុមហ៊ុន Moderna។ មានតែវ៉ាក់សាំងត្រូវបានទទួលស្គាល់ដោយ WHO ប៉ុណ្ណោះទើបអាចចែកចាយតាមយន្ដការ COVAX៕

CNN៖ ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១