(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានប្រកាសថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ នឹងមិនតម្រូវឱ្យពាក់ម៉ាស់ នៅពេលចេញទៅខាងក្រៅទៀតទេ ចាប់ពីខែកក្កដាខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។
ចលនានេះគឺជាការជំរុញ និងលើកទឹកចិត្តប្រជាជនវ័យចំណាស់ ឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈប្រទេសកូរ៉េខាងត្បូងមានគោលបំណង ផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាជន យ៉ាងហោចណាស់ ៧០% នៃប្រជាជនសរុបចំនួន ៥២លាននាក់របស់ខ្លួន នៅត្រឹមខែកញ្ញាខាងមុខនេះ ខណៈបច្ចុប្បន្នប្រជាជនតែ ៧.៧% បានចាក់វ៉ាក់សាំង។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំឆ្លើយតបនឹងជំងឺ COVID-19 នៅថ្ងៃពុធនេះថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូស ក៏នឹងត្រូវបានអនុញ្ញាតឱ្យជួបជុំគ្នាបែបធំៗផងដែរ ចាប់ពីខែមិថុនាខាងមុខនេះតទៅ។
លោក Kim Boo-kyum បានគូសបញ្ជាក់ប្រាប់បន្ថែមថា វិធានការដាក់ឱ្យនៅដាច់ដោយឡែកទាំងអស់ នឹងត្រូវកែសម្រួលនៅខែតុលាខាងមុខនេះ នៅពេលដែលប្រជាជនជាង ៧០ភាគរយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនទូទៅដែលមានអាយុចន្លោះពី ៦៥ឆ្នាំទៅ ៧៤ឆ្នាំចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ នៅក្នុងគ្លីនិកជាង ១២,០០០កន្លែង។ រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៣៧,៦៨២ករណី ក្នុងនោះមានអ្នកស្លាប់ ១,៩៤០នាក់ និងអ្នកជាសះស្បើយ ១២៧,៥៨២នាក់៕