(ញូដេលី)៖ អត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតដដែល ដោយអ្នកជំងឺ ៤,១៥៧នាក់ទៀតបានស្លាប់ និងមនុស្ស ២០៨,៩២១នាក់ឆ្លងជំងឺនេះ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបតួលេខថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់លើស ២៧លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ៣១១,៣៨៨នាក់ និងជាសះស្បើយវិញ ២៤.៣៥លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅ ២.៥លាននាក់ទៀត កំពុងបន្តសម្រាកព្យាបាល។
គួរបញ្ជាក់ថា ចំនួនករណីឆ្លងប្រចាំថ្ងៃនៅឥណ្ឌាត្រូវបានគេមើលឃើញថា ស្ថិតនៅក្រោម ៣០០,០០០ករណី ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីវាបានឡើងដល់កម្រិតកំពូលគឺ ៤០០,០០០នាក់ក្នុងមួយថ្ងៃ កាលពីអំឡុងដើមខែឧសភានេះ។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ឥណ្ឌាសម្រេចបានជាង ១៩៤លានដូស ដោយក្នុងនោះប្រជាជនជិត ៤២លាននាក់ ឬស្មើនឹង ៣.១% នៃប្រជាជនសរុប បានចាក់គ្រប់ដូស៕