(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ប្រមាណជាងពាក់កណ្តាលហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬ ០២ដូស ពោលគឺប្រហែល ០៦សប្តាហ៍ មុនគោលដៅរបស់លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី០៤ ខែកក្កដា ដែលសមានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យ នៅសហរដ្ឋអាមេរិកប្រមាណ ៧០ភាគរយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។
សញ្ញាប្រមាណជាងពាក់កណ្ដាលនេះ បានកើតឡើងនៅពេលថ្នាក់ដឹកនាំសហព័ន្ធ រដ្ឋ និងមូលដ្ឋានបានឈានមុខគេ ក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងភាពស្ទាក់ស្ទើរ និងភាពភ័យខ្លាច ចំពោះការចាក់វ៉ាក់សាំងក៏ព្រោះតែព័ត៌មានមិនពិតខ្លះត្រូវបានផ្សព្វផ្សាយ។
ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី ស្លាវីត (Andy Slavitt) បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា «ឥឡូវនេះ ដោយនៅសល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នៅក្នុងខែឧសភានេះ ប្រមាណជាងពាក់កណ្តាលហើយ នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស ដែលធ្វើឱ្យករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅទូទាំងប្រទេស បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈមនុស្សកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំង»។
នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) លោកស្រី រ៉ូឈែល វ៉ាលែនស្គី (Rochelle Walensky) បានគូសបញ្ជាក់ថា ចំនួនករណីឆ្លង គិតជាមធ្យមក្នុងរយៈពេល ០៧ថ្ងៃនៅសហរដ្ឋអាមេរិក ឥឡូវនេះមានចំនួនតិចជាង ២៣,០០០ករណីក្នុងមួយថ្ងៃ គឺធ្លាក់ចុះប្រហែល ២៥ភាគរយកាលពីសប្តាហ៍មុន។
លោកស្រី Rochelle Walensky បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំនៅតែមានការប្រុងប្រយ័ត្ន ប៉ុន្តែសង្ឃឹមថាករណីឆ្លងនឹងនៅតែបន្តធ្លាក់ចុះ ហើយប្រជាជនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង គួរតែនៅតែបន្តអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលសហព័ន្ធ ស្តីពីការរក្សាគន្លាតសង្គម និងការពាក់ម៉ាសនៅថ្ងៃប្រារព្ធទិវានៃការចងចាំ (Memorial Day) នៅចុងសប្តាហ៍ខាងមុខនេះ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកដែលមានប្រជាជនសរុប ៣៣២លាននាក់ (ក្នុងនោះជិត ២៦០នាក់ជាមនុស្សពេញវ័យ) បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជាង ១៦៤លាននាក់ (៤៩.៩%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ១៣០លាននាក់ (៣៩.៨% នៃចំនួនប្រជាជនសរុប ឬស្មើនឹងជាង ៥០% នៃចំនួនប្រជាជនពេញវ័យ) បានទទួលការចាក់គ្រប់ដូស៕