(ប៉េកាំង)៖ គណៈកម្មាធិការកិច្ចការទូទៅ និងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៤ បានអនុម័តដោយឡែកពីគ្នានូវសេចក្តីសម្រេចចិត្តកាលពីថ្ងៃទី ២៤ ខែឧសភាដោយបដិសេធមិនព្រមដាក់បញ្ជូលសេចកី្តស្នើច្បាប់ របស់ប្រទេសមួយចំនួនតូចស្តីពីការ «អញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍» ទៅក្នុងរបៀបវារៈនៃមហាសន្និបាតលើកនេះ។ នេះបានបង្ហាញម្តងទៀតថា គោលការណ៍ចិនតែមួយ មិនអនុញ្ញាតឱ្យបំពាននោះទេ ហើយរាល់ការប៉ុនប៉ងដែលចង់បំពានខ្សែបន្ទាត់ក្រហម នៃគោលការណ៍នេះពិតជានឹងត្រូវបរាជ័យជាមិនខាន។
ក៏ដូចគ្នានឹងឆ្នាំមុនៗដែរ សេចកី្តស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ត្រូវបានលើកឡើងដោយប្រទេសដែលហៅថា «មានទំនាក់ទំនងការទូត» ជាមួយតំបន់តៃវ៉ាន់ ហើយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូចបានគាំទ្រ និងញុះញង់ដោយចំហឬសម្ងាត់ៗ ដើម្បីបង្ករឿងហេតុចំពោះប្រទេសចិន។ ការប៉ុនប៉ងរបស់បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ គឺ «ចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យ» តាមរយៈការរីករាលដាលនៃជំងឺឆ្លង ចំណែកអ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិក និងលោកខាងលិច គឺចង់យកបញ្ហាតៃវ៉ាន់ធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ យ៉ាងណាមិញ តាមពិតទៅពួកគេសុទ្ធតែបានដឹងច្បាស់ថា ការលើកឡើងសេចកី្តស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ នឹងមិនអាចទទួលផលជោគជ័យទាល់តែសោះ។
ប្រសិនបើតៃវ៉ាន់ចង់ចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក នោះចាំបាច់ត្រូវប្រព្រឹត្តិទៅតាមគោលការណ៍ចិនតែមួយ នេះគឺជាគោលការណ៍ជាមូលដ្ឋាន ដែលត្រូវបានបញ្ជាក់ក្នុងសេចកី្តសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសេចកី្តសម្រេចចិត្តលេខ ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក។
ក្នុងអំឡុងពេលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ តំបន់តៃវ៉ាន់ធ្លាប់ចូលរួមមហាសន្និបាតសុខភាពពិភពលោកក្នុងនាមជា «ចិនតៃបេ» និងអ្នកសង្កេតការណ៍ដែលជាការរៀបចំចាត់ចែងពិសេស តាមរយៈការពិគ្រោះពិភាក្សាដោយឈរលើមូលដ្ឋាន ដែលត្រើយទាំងសងខាងសុទ្ធតែប្រកាន់ខ្ជាប់នូវ «មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា» ដែលបានបង្ហាញឱ្យឃើញនូវគោលការណ៍ចិនតែមួយ។ យ៉ាងណាមិញ ចាប់តាំងពីបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៦ មក បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ បានបដិសេធមិនទទួលស្គាល់ «មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា» នោះទេ ហើយប៉ុនប៉ងចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យយ៉ាងរឹងរូស។ ដូច្នេះ មូលដ្ឋានខាងនយោបាយនៃការចូលរួម មហាសន្និបាតសុខភាពពិភពលោករបស់តំបន់តៃវ៉ាន់ បានរលាយសាបសូន្យទៅហើយ។ គឺ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ហ្នឹងឯង ដែលបានបំផ្លាញដោយផ្ទាល់ដៃនូវអត្តសញ្ញាណ ដែលបានមកដោយមិនងាយនេះ។
សហគមន៍អន្តរជាតិមានការយល់ដឹងយ៉ាងច្បាស់ចំពោះបញ្ហានេះ។ មុនពេលពិធីសម្ពើធបើកនៃ មហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រទេសជាង ១៥០ បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់ប្រទេសចិន ដែលបដិសេធមិនព្រមចិនតៃវ៉ាន់ ចូលរួមមហាសន្និបាតសុខភាពពិភពលោក នៅឆ្នាំនេះតាមរយៈវិធីការទូត។ ប្រទេសជាង ៨០ បានផ្ញើសារលិខិតជូនអង្គការសុខភាពពិភពលោក ជាពិសេសដើម្បីបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងនឹងចិនតៃវ៉ាន់ចូលរួម មហាសន្និបាតសុខភាពពិភពលោកលើកនេះ។ ប្រការនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ ពីបំណងប្រាថ្នារបស់ប្រជាជនជាទូទៅ។
មហាសន្និបាតសុខភាពពិភពលោកមិនមែនជាកន្លែង សម្រាប់ស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននោះទេ។ ការដែលប្រទេសលោកខាងលិខមួយចំនួនតូច យកបញ្ហាសុខាភិបាលឱ្យក្លាយជាបញ្ហានយោបាយ គ្រាន់តែនឹងរំខានដល់សណ្តាប់ធ្នាប់ជាប្រក្រតីរបស់មហាសន្និបាត និងបង្កផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកលប៉ុណ្ណោះ ។ ប្រធានបទពិភាក្សាអំពី «ចិនតៃវ៉ាន់ចូលរួមមហាសន្និបាតសុខភាពពិភពលោក» ដែលមានភាពផ្ទុយនឹងនិន្នាការគួរតែបញ្ចប់ហើយ!៕