(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងចិនត្រូវតែរៀនសហការគ្នាដើម្បីផលប្រយោជន៍ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។
ថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធអនឡាញ នៅក្នុងវេទិកាសម្ពោធស្តីពីការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន លោក លី បានមានប្រសាសន៍ថា «ផលប៉ះពាល់នឹងត្រូវបានគេដឹងជាទូទៅ ប្រសិនបើទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជូរចត់»។
លោកបានចង្អុលបង្ហាញថា ទាំងអាមេរិក និងចិនគឺជាប្រទេសដែលមានថាមពលសេដ្ឋកិច្ចដ៏ធំសម្បើម បច្ចេកវិទ្យាខ្ពស់ និងសមត្ថភាពនុយក្លេអ៊ែរ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទំនើបៗ។ ដូច្នេះប្រសិនបើប្រទេសទាំងពីរប៉ះទង្គិចគ្នា អ្វីៗនឹងត្រូវខាតបង់៕