(ហាណូយ)៖ អាជ្ញាធរវៀតណាមបានសម្រេចពង្រីកវិធានការបិទខ្ទប់ប្រទេស (Lockdown) នៅឯតំបន់ឧស្សាហកម្មភាគខាងជើងប្រទេស នៅថ្ងៃអង្គារទី២៥ ខែឧសភានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមិនធ្លាប់មាន នៃជំងឺ COVID-19 គិតចាប់តាំងពីផ្ទុះឡើងជំងឺនេះមក ខណៈដែលអាជ្ញាធរបានរាយការណ៍ ពីកំណត់ត្រាឆ្លងប្រចាំថ្ងៃថ្មី ក្នុងចំនួនច្រើនទ្វេរដង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters, CNA, Bangkok Post នៅយប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 រហូតដល់ ៤៥៧ករណបន្ថែមទៀតនៅថ្ងៃអង្គារនេះ ដែលជាការកើនឡើងខ្ពស់បំផុតមិនធា្លប់មាន ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា។
ករណីភាគច្រើននៅថ្ងៃអង្គារនេះ ត្រូវបានរកឃើញនៅតាមរោងចក្រក្នុងខេត្ត Bac Giang ដែលអាជ្ញាធរបាននិយាយថា ការធ្វើតេស្តត្រូវបានរៀបចំឡើង ខណៈដែលកន្លែងស្នាក់នៅរបស់កម្មករទាំងអស់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ខេត្ត Bac Ninh ដែលជាកន្លែងផលិតគ្រឿងអេឡិចត្រូនិក Samsung បានចាប់ផ្តើមអនុវត្តបម្រាមគោចរ និងការរឹតត្បិតលើការធ្វើដំណើរផ្សេងទៀត ចាប់ពីថ្ងៃអង្គារនេះ។
ការផ្ទុះឡើងនេះអាចជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសវៀតណាម ដែលពីមុនត្រូវបានគេចាត់ទុកថា ជាប្រទេសដែលទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺ COVID-19 និងជាប្រទេសដែលរងគ្រោះតិចតួចបំផុត នៃការខូចខាតសេដ្ឋកិច្ចដែលប្រទេសជិតខាងរបស់ខ្លួនទទួលរងគ្រោះ។
ខេត្ត Bac Ninh និង Bac Giang ដែលជាតំបន់សម្បូរដោយរោងចក្រឧស្សាហកម្ម បានក្លាយជាគឺជាចំណុចកណ្តាលនៃការផ្ទុះថ្មីនេះ ដោយបានរកឃើញអ្នកឆ្លង COVID-19 ប្រមាណជាង ២៨០០នាក់ហើយ គិតចាប់តាំងពីចុងខែមេសាមក ហើយក្នុងនោះមានកម្មកររោងចក្ររាប់រយនាក់។
អាជ្ញាធរនិយាយថា ការផ្ទុះនេះបានរាប់រ៉ងករណីឆ្លងជិតពាក់កណ្តាល នៃចំនួនករណីទូទាំងប្រទេសវៀតណាម ដោយបានរាលដាលដល់ជាង ៣០ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងទាំង៦៣ របស់ខ្លួន។
រដ្ឋធានីហាណូយដែលបានកត់ត្រាករណីឆ្លងចំនួន ២២០ករណីចាប់តាំងពីចុងខែមេសាមក នៅថ្ងៃអង្គារនេះបានបិទភោជនីយដ្ឋាន និងហាមឃាត់ការជួបជុំនៅតាមទីសាធារណៈ រួមទាំងការធ្វើលំហាត់ប្រាណនៅក្នុងឧទ្យានផងដែរ។
គួរបញ្ជាក់ថា រហូតមកទល់ពេលវៀតណាមបានកត់ត្រាករណីឆ្លង ៥,៨៦០ករណី ក្នុងនោះស្លាប់ ៤៤នាក់ និងជាសះស្បើយ ២,៧៩៤នាក់៕