(ហ្សឺណែវ)៖ អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ អង្គការសុខភាពពិភពលោក (WHO) លោក ម៉ៃខឺល រីយ៉ាន (Mike Ryan) បានប្រាប់រដ្ឋមន្រ្តីសុខាភិបាល នៃបណ្ដាប្រទេសនានានៅទូទាំងពិភពលោក នៅថ្ងៃអង្គារនេះថា អង្គការមួយនេះកំពុងស្ថិតក្នុងហានិភ័យ និងឈានទៅរកភាពជាប់គាំង ដោយសារកង្វះខាតថវិកា ហើយវាកំពុងក្លាយជាឧបសគ្គរារាំង ដល់ការធ្វើប្រតិបត្ដិការ នាពេលបច្ចុប្បន្ននេះរួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។
លោក Mike Ryan បានកត់សំគាល់អំពីការទទូចរបស់ WHO កាលពីខែកុម្ភៈ នូវទឹកប្រាក់ចំនួន ១.៩៦ពាន់លានដុល្លារអាមេរិក សម្រាប់ការឆ្លើយតបនឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅឆ្នាំ២០២១នេះ និងបានគូសបញ្ជាក់ប្រាប់សន្និបាតប្រចាំឆ្នាំថា «កង្វះខាតថវិកាជាង ៧០ភាគរយពីមូលនិធិបានធ្វើឱ្យ WHO ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលអាចកើតមានឡើង ដោយគ្មានលទ្ធភាពអាចទ្រទ្រង់មុខងារស្នូល ជាអាទិភាពបន្ទាន់»។
លោក Mike Ryan បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ការផ្តល់មូលនិធិមិនគ្រប់គ្រាន់ និងការមិនបានចាត់ចែងមូលនិធិទុកជាមុន អាចធ្វើឱ្យកិច្ចការងាររបស់អង្គការ WHO ស្ថិតក្នុងស្ថានភាពជាប់គាំង ដោយមិនអាចផ្ដល់នូវការគាំទ្រ និងការបត់បែនដល់បណ្ដាប្រទេសនានា ហើយវាក៏កំពុងបង្កផលវិបាកដល់ការធ្វើប្រតិបត្តិការ នាពេលបច្ចុប្បន្ននេះរួចទៅហើយដែរ»៕