Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តួកគី៖ ឧទ្ធម្ភាគចក្រប្រយុទ្ធពីរគ្រឿងដំបូង នឹងត្រូវដឹកជញ្ជូនទៅហ្វីលីពីននៅខែកញ្ញា

25-05-2021 17:55

(តួកគី)៖ ឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ T129 ចំនួនពីរគ្រឿងក្នុងចំណោម ០៦គ្រឿង ដែលហ្វីលីពីនបានបញ្ជាទិញពីតួកគីនោះ នឹងត្រូវដឹកជញ្ជូនដល់ប្រទេសដីកោះមួយនេះ នៅអំឡុងខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

បើតាមសារព័ត៌មានតួកគី ក្រោយការបញ្ជូនពីរគ្រឿងដំបូង ទៅដល់ដៃហ្វីលីពីនរួចរាល់នៅខែកញ្ញា ពីរគ្រឿងបន្ទាប់ទៀតនឹងត្រូវទៅដល់ នៅអឡុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈពីរគ្រឿងចុងក្រោយ នឹងទៅដល់នៅខែកុម្ភៈ ឆ្នាំ២០២៣។ ហ្វីលីពីនបានបញ្ជាទិញឧទ្ធម្ភាគចក្រប្រយុទ្ធ T129 ចំនួនសរុប ០៦គ្រឿងពីក្រុមហ៊ុនតួកគី (TAI) ដោយចំណាយថវិកាជិត ២៧០លានដុល្លារអាមេរិក។

គួរបញ្ជាក់តាមក្រសួងការពារជាតិហ្វីលីពីន ឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រទាំងអស់ដែលខ្លួនបានបញ្ជាទិញពីតួកគី គឺស្ថិតក្នុងគោលដៅបង្កើនសមត្ថភាព ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ហ្វីលីពីនបានអះអាងថា ខ្លួននឹងមានអាវុធសម្រាប់វាយប្រហារពីលើអាកាស កាន់តែច្រើនថែមទៀតនៅក្នុងដៃ៕