(បាម៉ាកូ)៖ បេសកកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាលី ឬហៅកាត់ថា Minusma បានអំពាវនាវឱ្យមានការដោះលែងលោកប្រធានាធិបតី បាហ៍ ណាដរ (Bah Nadaw) និងលោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) ជាបន្ទាន់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ្នកទាំង២ រួមទាំង រដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) ត្រូវបានយោធាចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។
លោកប្រធានាធិបតី បាហ៍ ណាដរ (Bah Nadaw), លោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) និងលោករដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) គឺត្រូវបានចាប់ខ្លួនទាំងអស់គ្នាតែម្តង យកទៅឃុំឃាំងជាបណ្តោះអាសន្ន នៅឯមូលដ្ឋានយោធាក្នុងតំបន់ កាទី (Kati) ស្ថិតនៅក្បែររដ្ឋធានី បាម៉ាកូ (Bamako)។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបក៏បានថ្កោលទោសការចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលបណ្ដោះអាសន្នម៉ាលីផងដែរ ដោយប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានចាត់ទុកថាការចាប់ខ្លួននេះគឺជាទង្វើចាប់ពង្រត់។ លោក Charles Michel បានគូសបញ្ជាក់បន្ថែមប្រាប់ អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដូច្នេះថា៖ «អ្វីដែលបានកើតឡើងគឺជារឿងគួរឱ្យព្រួយបារម្ភ និងធ្ងន់ធ្ងរ ហើយត្រៀមខ្លួនជាស្រេច ក្នុងការចាត់វិធានការឆ្លើយតបចាំបាច់នានា»។
គួរបញ្ជាក់ថា ការចាប់ខ្លួនមេដឹកនាំកំពូលៗ នៅក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលី បាននិងកំពុងឲ្យអនាគតនៃប្រទេសនេះ មានភាពស្រពិចស្រពិលឡើងវិញ ក្រោយពីរដ្ឋប្រហារបានកើតឡើងកាលពីខែសីហា ឆ្នាំ២០២០ ដែលបានទម្លាក់លោក អ៉ីប្រាហ៊ីម បួបាខារ គៃតា (Ibrahim Boubacar Keita) ចេញពីតំណែងប្រធានាធិបតី។
បើតាមប្រភពដដែលបានបញ្ជាក់ថា ការចាប់ខ្លួនប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានធ្វើឡើងក្រោយពីមានការរុះរើ គណៈរដ្ឋមន្ត្រីមួយ ហើយក្នុងនោះតំណែងមន្ត្រីយោធាសំខាន់ៗពីរនាក់ ដែលបានចូលរួមក្នុងការរឹបអូសអំណាចពីប្រធានាធិបតីមុន ត្រូវបានជំនួសដោយអ្នកថ្មីវិញ៕